ភ្នំពេញ៖ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានជួបពិភាក្សាគ្នាជាមួយលោក Hassan Hajam តំណាងមកពីក្រុមហ៊ុន WAT Chocolate (ក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលផលិតសូកូឡាចេញពីគ្រាប់កាកាវក្នុងស្រុកដោយផ្ទាល់តាមស្តង់ដារ "Bean-to-Bar" ចាប់តាំងពីដំណាក់កាលជ្រើសរើសគ្រាប់កាកាវ រហូតដល់ចេញជាបន្ទះសូកូឡាសម្រេច) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសហការរី សរុបចំនួន ៩នាក់ ស្រី ២នាក់។
តំណាងក្រុមហ៊ុនបានស្វែងយល់ដោយផ្ទាល់អំពីកាលានុវត្តភាព និងសក្តានុពលនៃការដាំដុះដំណាំកាកាវនៅកម្ពុជាពីសំណាក់នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង។
ក្នុងជំនួបនេះ លោកប្រធាននាយកដ្ឋានបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានចែករំលែកយ៉ាងក្បោះក្បាយអំពីសក្តានុពលដី អាកាសធាតុ ព្រមទាំងឱកាសវិនិយោគដ៏ទូលំទូលាយសម្រាប់ដំណាំយុទ្ធសាស្ត្រមួយនេះផងដែរ។
កិច្ចពិភាក្សានេះបានផ្តោតទៅលើ៖
+ កិច្ចសហការអនុវត្តសកម្មភាពរវាងស្ថាប័នក្រសួងជាមួយក្រុមហ៊ុន Wat Chocolate
+ ការកំណត់ជ្រើសរើសតំបន់ដាំដុះដំណាំកាកាវ
+ លក្ខខណ្ឌជ្រើសរើសកសិករគោលដៅសម្រាប់ដាំដំណាំកាកាវ
+ ការចែករំលែកបច្ចេកទេស និងការកែច្នៃដំណាំកាកាវទៅដល់កសិករ
+ ការកំណត់ទីផ្សារក្នុងស្រុក
ជាលទ្ធផល ក្រុមហ៊ុនបានឯកភាពសហការជាមួយខាងអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ដើម្បីឈានទៅជ្រើសរើសកសិករ និងកំណត់តំបន់សក្តានុពល សម្រាប់ការចាប់ផ្តើមគម្រោងវិនិយោគដំបូងរបស់ខ្លួនលើផ្ទៃដីទំហំ ១០០ហិកតា។ ពិសេសជាងនេះទៅទៀត ក្រុមហ៊ុននឹងចូលរួមផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើផ្នែកបច្ចេកទេសដាំដុះ ព្រមទាំងផ្គត់ផ្គង់ធាតុចូលកសិកម្មមួយចំនួនដូចជាកូនកាកាវ ជី និងថ្នាំ ដល់កសិករដែលចូលរួមក្នុងគម្រោងនេះផងដែរ។
នេះគឺជាសញ្ញាណដ៏វិជ្ជមានមួយ និងជាឱកាសមាសក្នុងការជំរុញការធ្វើពិពិធកម្មដំណាំកសិកម្ម បង្កើនប្រាក់ចំណូលជូនកសិករមូលដ្ឋាន និងឈានទៅកសាងខ្សែច្រវាក់ផ្គត់ផ្គង់កាកាវប្រកបដោយនិរន្តរភាព។