នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពីទទួលបានការចាត់ចាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦កន្លងទៅ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គភាពក្រោមឱវាទ ព្រមទាំងឯកឧត្តមបណ្ឌិតឱសថការី ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសហការីផងដែរ។
កិច្ចប្រជុំដំបូងនេះត្រូវបានរៀបចំឡេីង ដេីម្បីពិនិត្យពិភាក្សា និងរៀបចំផែនការសកម្មភាពរបស់គណៈកម្មាធិការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដៅចូលរួមជំរុញអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។
ក្នុងនាមជាប្រធានគណៈកម្មាធិការ ឯកឧត្តម គង់ ច័ន្ទវាសនា បានលេីកស្នេីឡេីងនូវផែនការសកម្មភាពគន្លឹះមួយចំនួន សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ដែលរួមមាន កិច្ចប្រជុំប្រចាំត្រីមាសជាមួយថ្នាក់ដឹកនាំអង្គភាពនានា, កម្មវិធីផ្សព្វផ្សាយអំពីការប្រយុទ្ធនឹងជំងឺអេដស៍ដល់និស្សិតគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី, កម្មវិធីប្រកួតវោហាកោសល្យដោយនិស្សិតនៃគ្រឹះស្ថានទាំងបី លេីប្រធានបទពាក់ព័ន្ធនឹងការប្រយុទ្ធនឹងជំងឺអេដស៍ និងការបង្កេីនសកម្មភាពរបស់គណៈកម្មាធិការក្នុងការចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ក្នុងនាមឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ឈឹម ឃិនដារ៉េត បានកោតសរសេីរ និងផ្តល់ការគាំទ្រចំពោះផែនការសកម្មភាពដែលបានលេីកឡេីង ព្រមទាំងបញ្ជាក់ពីការត្រៀមលក្ខណៈចូលរួមសហការជិតស្និទ្ធដេីម្បីជំរុញអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសេីរនាពេលខាងមុខ។
ជាលទ្ធផល អង្គប្រជុំបានអនុម័តផែនការសកម្មភាពដែលគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ សម្រាប់ឆ្នាំ២០២៦ និងប្តេជ្ញាចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដេីម្បីសម្រេចបានជោគជ័យជូនក្រសួង និងរាជរដ្ឋាភិបាល៕