នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រឡងប្រជែងអ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ២០២៥ » វគ្គផ្តាច់ព្រ័ត្រ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងកម្មវិធី លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនរបាយការណ៍សង្ខេប អំពីដំណើការ និងនីតិវិធីក្នុងការវាយតម្លៃអ្នកកែច្នៃប្រហុកឆ្នើមឆ្នាំ២០២៥ ដោយបានរកឃើញអ្នកកែច្នៃប្រហុកឆ្នើម ដែលទទួលបានជ័យលាភីមានដូចជា៖
ជ័យលាភីលេខ១ បានទៅលើសិប្បកម្ម សំណាង សុធា ជ័យលាភីលេខ២ បានទៅលើសិប្បកម្មកែច្នៃផលិតផលជលផល ចាវ សួស្តី ជ័យលាភីលេខ៣ បានទៅលើសិប្បកម្ម ស៊ីនួន ពិភពត្រីងៀត ជ័យលាភីសិប្បកម្មឆ្នើម បានទៅលើសិប្បកម្មផលិត និងកែច្នៃប្រហុក ខនហ្វីរេល ជ័យលាភីកិត្តិយស បានទៅលើសិប្បកម្មកែច្នៃ ហេងហ៊ត់ និងជ័យលាភីកិត្តិយស បានទៅលើសិប្បកម្ម ធឿន ស្រីនី។
ឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរដល់អ្នកកែច្នៃប្រហុកឆ្នើមឆ្នាំ២០២៥ទាំងអស់។ ឯកឧត្តម បានគូសបញ្ជាក់ថា សម្រាប់កម្មវិធីប្រឡងប្រជែងនាពេលនេះ មិនត្រឹមតែបង្ហាញពីការប្រកួតប្រជែងគ្នា សម្រាប់តែអ្នកកែច្នៃប៉ុណ្ណោះទេ សំខាន់ជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់ការកែច្នៃ ផលិតផលត្រី ក៏ដូចជាការបន្តរក្សានូវអត្តសញ្ញាណម្ហូបអាហារតាមបែបប្រពៃណីខ្មែរ ដែលមានតាំងពីយូរលង់ណាស់មកហើយ នឹងថែរក្សាអត្តសញ្ញាណនេះជាបន្តទៅទៀត៕