នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅទីរួមខេត្តកំពង់ធំ ក្រោមក្របខ័ណ្ឌគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF)។
សិក្ខាលសាលានេះ មានការចូលរួមពីក្រុមការងារអនុវត្តគម្រោង CaWSIP-MAFF ថ្នាក់ជាតិ លោកអនុប្រធានមន្ទីរដែលជាប្រធានអនុវត្តគម្រោងថ្នាក់ខេត្ដ មន្រ្ដីកសិកម្មឃុំ និងកសិករដាំដុះដំណាំស្វាយចន្ទីខ្នាតធំ នៃខេត្ដគោលដៅគម្រោងរួមមាន ខេត្តកំពង់ធំ ក្រចេះ មណ្ឌលគិរី និងខេត្ដព្រះវិហារ សរុបអ្នកចូលរួមចំនួន ៤៥រូប។
ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ពីគោលបំណងស្នូលចំនួនបីគឺ៖
(១)ពង្រឹងសមត្ថភាពដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តគោលដៅ មន្ត្រីកសិកម្មឃុំ និងកសិករដាំដុះដំណាំស្វាយចន្ទីខ្នាតធំ អំពីបច្ចេកទេសផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ។
(២)អនុវត្តវិធីសាស្ត្រផ្សេងៗដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម តាមរយៈការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាត។
(៣)ចែករំលែកនូវបទពិសោធន៍ល្អៗលើផលិតកម្មដំណាំស្វាយចន្ទី រវាងអ្នកចូលរួមទាំងអស់។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ បន្ដផ្សព្វផ្សាយនូវបច្ចេកទេសដែលទទួលបានពីវគ្គបណ្ដុះបណ្ដាល ជំរុញធ្វើយ៉ាងណាបង្កើនផលិតភាពស្វាយចន្ទី តាមរយៈការដោះស្រាយបញ្ហាបង្កដោយកត្ដាប្រឈមនានា ការតាក់តែងមែក ការសម្អាតស្មៅ និងការប្រើប្រាស់ធាតុចូលកសិកម្មតាមបទដ្ឋានត្រឹមត្រូវ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណេញ។
គួរបញ្ជាក់ផងដែរថា គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) តែងតែយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់បច្ចេកទេសក្នុងគ្រប់សកម្មភាពអភិវឌ្ឍន៍របស់ខ្លួន ដើម្បីធានាថាការផ្ដល់បច្ចេកទេសតាមរយៈមន្រ្ដីបង្គោល នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់វិសាលភាពគម្រោង៕