នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានអញ្ជើញដឹកនាំក្រុមការងារអនុវត្ដគម្រោង LASED III នៃក្រសួងកសិកម្ម ចុះត្រួតពិនិត្យការអនុវត្ដគម្រោងនៅខេត្ដក្រចេះ និងខេត្ដស្ទឹងត្រែង។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្ដមបណ្ឌិត និងក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ-មន្ទីរកសិកម្មខេត្ដក្រចេះ បានចុះពិនិត្យការបើកការដ្ឋានការងារជីកស្រះទឹក នៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
បន្ទាប់ពីការចុះពិនិត្យការដ្ឋាន ឯកឧត្ដមបណ្ឌិត បានដឹកនាំក្រុមការងារគម្រោង ជួបប្រជុំពិភាក្សាពីវឌ្ឍនភាពការអនុវត្ដគម្រោង LASED III នៅមន្ទីរកសិកម្មខេត្ដស្ទឹងត្រែង ដើម្បីពិនិត្យមើលពីលទ្ធផលសម្រេចបានរបស់គម្រោងឆ្នាំ២០២៥ លើសកម្មភាពគាំទ្រដល់ការងារចែកដីដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានដី និងមានដីតិចតួច ក្នុងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនក្រីក្រដែលគ្មានដី លើការផ្តល់ដី សម្រាប់លំនៅឋាន ដីដាំដុះដំណាំកសិកម្ម ការចិញ្ចឹមត្រី ការចិញ្ចឹមសត្វ និងសេវាសាធារណៈផ្សេងៗ។
ក្នុងអង្គប្រជុំ ឯកឧត្ដមបណ្ឌិត បានពិភាក្សាលម្អិតពីបញ្ហាប្រឈម និងដំណោះស្រាយរបស់សហគមន៍(TICs) ទាក់ទងនឹងស្ថានភាពប្រជាកសិករក្នុងសហគមន៍លើ ការទទួលយកបច្ចេកទេស ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងការចូលរួមរបស់ក្រុមផលិត។
ជាចុងបញ្ចប់ ឯកឧត្ដមបណ្ឌិត បានណែនាំដល់ក្រុមការងារអនុវត្ដគម្រោងថ្នាក់ជាតិ-មន្ទីរកសិកម្មខេត្ដ ត្រូវបន្ដខិតខំអនុវត្ដការងារដែលបានដាក់ចេញ ក្នុងនោះរួមមាន ការសម្របសម្រួលដល់សមាជិកសហគមន៍ជនជាតិភាគតិចព្រៅនិងគ្រឹងពីបច្ចេក ទេស ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងបច្ចេកទេសដាំដំណាំផ្សេងៗ ការបន្តភ្ជាប់បណ្តាញ Telegram គាំទ្រ និងសហការជាមួយភ្នាក់ងារផ្សព្វផ្សាយភូមិ(VEWs)-ភ្នាក់ងារសុខភាពសត្វភូមិ (VAWHs) ការរៀបចំបង្កើតក្រុមផលិតកម្មដំណាំបន្លែក្នុងសហគមន៍ជនជាតិព្រៅ ការពង្រឹងសមត្ថភាពក្រុមផលិតនិងសាលាស្រែកសិករ ការចែកសម្ភារៈកសិកម្មនិងកូនឈើហូបផ្លែដែលនៅសល់ ការពង្រឹងការតាមដានព័ត៌មានកសិកម្ម និងព័ត៌មានតាមដានការដាំដុះបន្លែ (គ្រាប់ពូជដែលបានចែកជូនសម្បទានិក) និងព័ត៌មានទីផ្សារ ជាដើម៕