នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញជួបសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅសហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី ស្ថិតនៅឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង សំដៅជំរុញការធ្វេីពិពិធកម្មកសិកម្មក្នុងសហគមន៍។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវកោតសរសើរដល់សហគមន៍ក្នុងការដាំបន្លែគ្រប់ប្រភេទតាមផែនការគ្រោងទុក ជាពិសេសបានជួយឧបត្ថម្ភបន្លែដល់សមរភូមិមុខ ពោលគឺទាំងវីរកងទ័ព និងជនភៀសសឹកស្របតាមស្មារតី «យើងរួមគ្នាដាំបន្លែដើម្បីជាតិ» ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងបរិបទប្រទេសជាតិកំពុងរងការឈ្លានពានមកលើបូរណភាពទឹកដីខ្មែរ។
ជាការលេីកទឹកចិត្តបន្ថែម ឯកឧត្តមរដ្ឋលេខាធិការ បានឧបត្ថម្ភគាំទ្រជីសរីរាង្គ និងថវិកាមួយចំនួនធំជូនដល់គណៈកម្មការសហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី ជួយជាមូលនិធិទ្រទ្រង់សហគមន៍បន្តទៀត និងពង្រីកទំហំផលិតកម្មបន្លែជួយគាំទ្រដល់សមភូមិមុខ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ៕