នៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដើម្បីពិភាក្សាលើគម្រោងផែនការគាំទ្រដល់ផលិតកម្មកសិកម្មសម្រាប់ផ្តល់ជូនកងទ័ព និងប្រជាជនភៀសសឹក ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មខេត្ត និងសហការីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងក្រុមហ៊ុនវិស័យឯកជននានា។
ថ្លែងបើកអង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន បានគូសបញ្ជាក់ថា ផែនការគាំទ្រដល់ផលិតកម្មកសិកម្មសម្រាប់ផ្តល់ជូនកងទ័ព និងប្រជាជនភៀសសឹក គឺក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ» ព្រមទាំងអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា។
ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុនឯកជន អង្គការដៃគូនានា ដែលបានចូលរួមផ្តល់កិច្ចសហការគាំទ្រលើគម្រោងផែនការផលិតកម្មកសិកម្ម ដែលមានសារៈសំខាន់ក្នុងកាលៈទេសៈនេះ បានបង្ហាញពីស្មារតីសាមគ្គី រួបរួមគ្នាដើម្បីជាតិ និងប្រជាជន។
ជាលទ្ធផល អង្គប្រជុំបានសម្រេចដាក់ចេញនូវយន្តការចាំបាច់មួយចំនួន និងបានបង្កើតក្រុមការងារបច្ចេកទេសទទួលបន្ទុកតាមក្រុង ស្រុកគោលដៅនីមួយៗ ដូចជា៖ ផ្តល់បច្ចេកទេសការងារកសិកម្ម ដល់ជនភៀសសឹកតាមក្រុង-ស្រុកគោលដៅ សម្របសម្រួល និងដោះស្រាយការងារកសិកម្មដោយផ្ទាល់ ជាមួយជនភៀសសឹក សហការជាមួយអាជ្ញាធរមូលដ្ឋាន កៀរគរក្រុមហ៊ុនវិស័យឯកជននានា ឱ្យបន្តចូលរួមឧបត្ថម្ភគាំទ្រផែនការផលិតកម្មកសិកម្ម សម្រាប់ជូនកងទ័ព និងជនភៀសសឹក៕