ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា រួមជាមួយមន្រ្តីជំនាញ បានអញ្ជើញជួបប្រជុំសំណេះសំណាលជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទប្រចាំការនៅឃុំផាត់សណ្តាយ ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីជលផល ស្តាប់បញ្ហាប្រឈម និងសម្របសម្រួលរកដំណោះស្រាយជូនប្រជាសហគមន៍នេសាទក្នុងតំបន់។
ក្នុងជំនួបនេះ មានការចូលរួមពីសំណាក់កម្លាំងអធិការកិច្ចខាងជើងបឹងទន្លេសាប កម្លាំងយោធភូមិភាគទី៤ និងទី៥ កម្លាំងទីបញ្ជាការស្រាលផាត់សណ្ដាយ អាជ្ញាធរដែនដីភូមិ ឃុំ សហគមន៍នេសាទឃុំផាត់សណ្តាយសរុប ៣៥នាក់ ស្រី១នាក់។
បន្ទាប់មក ឯកឧត្តមអនុរដ្ឋលេខាធិការ បានដឹកនាំកម្លាំងចុះទៅកាន់តំបន់កដប ព្រំប្រទល់រវាងខេត្តបី គឺខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ដើម្បីត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទក្នុងរដូវបើកនេសាទ។
ក្នុងដំណើរនេះ កងកម្លាំងចម្រុះបានអនុវត្តច្បាប់ ដោយរុះរើបំផ្លាញចោលរបាំងសាច់អួនចំនួន ២ខ្សែ ប្រវែង ២០០ម៉ែត្រ នៅតំបន់កដប, ឡុកចំនួន ២គ្រឿង, លបចំនួន ៤គ្រឿង, និងបង្គោលចំនួន ១០០ដើម។
ជាចុងបញ្ចប់ ឯកឧត្តម ប៉ែន ផល្លីកា បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចម្រុះឈរជើងនៅតាមភូមិសាស្រ្តរបស់ខ្លួន ដែលបានសហការជាមួយក្រុមការងារកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងបឹងទន្លេសាប។ ទន្ទឹមគ្នា ឯកឧត្តមស្នើឱ្យមានកិច្ចសហការគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការអនុវត្តតួនាទីភារកិច្ចជួយអភិរក្សធនធានជលផលនៅបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕