នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមសួន សេរី អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងថ្នាក់ដឹកនាំមន្រ្តីរាជការមួយចំនួនទៀត បានជួបសួរសុខទុក្ខកងទ័ពកងវរសេនាតូចការពារព្រំដែន៥០២ប្រចាំទិស នៅស្រុកសំឡូត ខេត្តបាត់ដំបង។
នាឱកាសនៃការជួបសួរសុខទុក្ខកងទ័ព មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងមកដល់នាពេលខាងមុខនេះ ឯកឧត្តម ចាន់ សុវុឌ្ឍ ប្រធានក្រុមការងារបានពាំនាំនូវផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវការនឹករលឹក និងសំដែងការដឹងគុណចំពោះវីរកងទ័ពឈរជើងនៅជួរមុខ បានលះបង់សាច់ស្រស់ឈាមស្រស់ ឃ្លាតឆ្ងាយពីក្រុមគ្រួសារដើម្បីតស៊ូប្រយុទ្ធការពារទឹកដីដែលត្រូវបានកំពុងឈ្លានពានពីសំណាក់ចោរសៀម ។
ជាមួយគ្នានេះដែរ ឯកឧត្តម ចាន់ សុវុឌ្ឍ និងក្រុមការងារក៏បាននាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា នូវគ្រឿង ឧបភោគបរិភោគមួយចំនួន រួមជាមួយថវិកា និងប្រគល់ជូនម៉ាស៊ីនព្រីនធ័រគូល័រ A3មួយគ្រឿង ដែលជាសំណូមពររបស់វរៈការពារព្រំដែន៥០២ សម្រាប់ប្រើប្រាស់ការងារចាំបាច់៕