នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចបាំងដៃ និងចំណុចរលំពោធិ៍ ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជាលទ្ធផលនៃប្រតិបត្តិការបង្រ្កាបនោះ បានចំនួន២ករណី រួមមាន៖ ករណីទី១ នៅចំណុចបាំងដៃ ឃុំមៀន ស្រុកព្រៃឈរ បានរុះរើឧបករណ៍លូស្បៃមុងចំនួន០៣មាត់ របាំងស្បៃមុងប្រវែង១៥០ម៉ែត្របង្គោលចម្រឹងចំនួន ៥០ដើម និងបានចាក់លែងត្រីចម្រុះ ០៤គីឡូក្រាម។ ករណីទី២ នៅចំណុចរលំពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ បានរុះរើឧបករណ៍លូស្បៃមុងចំនួន ១១មាត់ របាំងស្បៃមុងប្រវែង ២២០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៦៥ដើម និងចាក់លែងត្រីចម្រុះ ០៧គីឡូក្រាម។
ទន្ទឹមនឹងនោះដែរ ក្រុមការងារពាក់ព័ន្ធទាំងអស់ នឹងបន្តទិសដៅត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាស្រុកផ្សេងៗទៀត ក្នុងខេត្តកំពង់ចាម រួមទាំងបន្តផ្សព្វផ្សាយដល់ប្រជានេសាទឱ្យបញ្ឈប់ការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ជាដើម៕