នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្រ្តី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ង្វៀន ម៉ាញ់ គឿង អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានគណៈប្រតិភូនាំមុខ និងឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ដើម្បីពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួលនិងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ព្រមទាំងគណៈប្រតិភូ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ង្វៀន ម៉ិញ វូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ គ.ជ.ប.អ. ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល៕