នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធាន និងមន្រ្ដី នៃការិយាល័យ នាយខណ្ឌរដ្ឋបាលទាំងអស់ ក្រោមឱវាទមន្ទីរ ព្រមទាំងមន្រ្ដីកសិកម្មឃុំ។
តាមរយៈកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានស្តាប់សេចក្តីរាយការណ៍របស់លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីលទ្ធផលការងារសម្រេចបានរយៈពេល៣ខែ ដើមឆ្នាំ២០២៦ និងការលើកឡើងអំពីបញ្ហាប្រឈមនានាពីលោក លោកស្រី ជាប្រធាន អនុប្រធាន ការិយាល័យ និងនាយខណ្ឌរដ្ឋបាលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីកសិកម្មឃុំ។
ក្នុងចំណោមអាទិភាពសំខាន់ ឯកឧត្តមបានកំណត់ការជំរុញបង្កើនផលិតភាពដំណាំ ពិសេសស្វាយចន្ទី និងធុរេន ការពង្រីកផលិតកម្មបន្លែឆ្លើយតបតម្រូវការក្នុងខេត្ត ព្រមទាំងការលើកកម្ពស់ការចិញ្ចឹមគោសាច់ និងវារីវប្បកម្មខ្នាតតូចសម្រាប់ប្រជាជនជនជាតិដើមភាគតិចនៅតំបន់ឆ្ងាយពីទន្លេ ស្របតាមទស្សនវិស័យអភិវឌ្ឍន៍ (២០២៤-២០២៧)។
ឯកឧត្តមក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាទីផ្សារផលិតផលកសិកម្ម ដោយអំពាវនាវឱ្យពង្រឹងកិច្ចសហការរវាងក្រសួង វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាដល់ប្រជាកសិករ ទាំងទីផ្សារក្នុង និងក្រៅប្រទេស។ ជាងនេះទៀត ឯកឧត្តមបានស្នើឱ្យអ្នកជំនាញដោះស្រាយបញ្ហាផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងការខូចខាតដំណាំស្វាយចន្ទី ដែលមានមូលហេតុចេញពីបញ្ហាទឹកភ្លៀងដើមរដូវ និងស្ថានភាពទឹកសន្សើម ដែលខ្លះត្រូវបានយល់ច្រឡំថាមានកម្រិតអាស៊ីត និងជាតិប្រៃខ្ពស់។
លើសពីនេះ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរភាពដឹកនាំ ក្នុងបរិបទដែលប្រធានមន្ទីរកំពុងត្រៀមចូលនិវត្តន៍ ឯកឧត្តមបានណែនាំ ដល់ថ្នាក់ដឹកនាំមន្ទីរដែលនឹងបន្តដឹកនាំ ត្រូវពង្រឹងការដឹកនាំគ្រប់គ្រងមន្ទីរ ដោយផ្អែកសំខាន់លើ សមត្ថភាព និងលទ្ធភាពគាំទ្រ និង រក្សាបរិស្ថាន សាមគ្គីបង្រួបបង្រួមកម្លាំងជាធ្លុងមួយ បន្ដនិងរក្សាការប្រើប្រាស់យន្ដការដែលមានស្រាប់ សម្រួចកែលម្អយន្តការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព៕