ចាប់ពីថ្ងៃទី២ - ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសត្តឃាតដ្ឋាន កសិដ្ឋាន និងណែនាំដល់អាជីវករតាំងលក់សាច់នៅក្នុងទីផ្សារ ។
នាដំណើរចុះពិនិត្យនោះទទួលបានលទ្ធផលរួមមាន ៖ ទី១. ការងារពិនិត្យតាមសត្តឃាតដ្ឋាន ៖ ពិនិត្យសត្តឃាតដ្ឋានចំនួន៦ក្នុងចំណោម១៤ ទីតាំង ដែលស្ថិតក្រុង-ស្រុកនៃខេត្តបាត់ដំបង ដោយសង្កេតឃើញអនាម័យនៅមិនទាន់អនុវត្តតាមបទដ្ឋានបច្ចេកទេសបសុព្យាបាលនៅឡើយ ដូច្នេះម្ចាស់ទីតាំងត្រូវរៀបចំកែលម្អកន្លែងទុកដាក់សត្វមុនពិឃាត ទីតាំងកាប់ពុះសាច់សត្វ ការលាងសំអាតសាច់ ការព្យួរសាច់ ប្រព័ន្ធបង្ហូរកាកសំណល់សត្វ ត្រូវចៀសវាងក្លិនមិនល្អដែលបណ្តាលឱ្យប៉ៈពាល់ដល់បរិស្ថានជុំវិញ។ល។
ទី២. ការងារកសិដ្ឋាន៖ បានចុះពិនិត្យទីតាំងកសិដ្ឋានហ្វាម រ៉ាយ ផ្លេស រ៉ាយល អាប់ ឯ.ក ស្ថិតក្នុងស្រុកបាណន់ ដែលជាកសិដ្ឋានចិញ្ចឹមគោសាច់ ដែលបច្ចុប្បន្ននេះមានគោប្រមាណ ៣ ០០០ក្បាល បំប៉នសម្រាប់លក់ចេញទៅតាមតម្រូវការទីផ្សារក្នុង និងក្រៅស្រុក។ ស្ថានភាពផលិតកម្មគោបំប៉ននេះ មានបញ្ហាប្រឈមដោយសារតម្លៃគោឡើងថ្លៃ។ កសិដ្ឋាននេះ ចិញ្ចឹមគោសាច់សម្រាប់កាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយបានស្នើសុំបង្កើតសត្តឃាតដ្ឋាន និងបានសាងសង់រួចរាល់ ដែលបានបំពាក់ឧបករណ៍ទំនើបស្របតាមបទដ្ឋានបច្ចេកទេសបសុព្យាបាល។
ទី៣. ការតាំងលក់សាច់នៅទីផ្សារ ៖ ក្រុមការងារបានចុះការតាំងលក់សាច់នៅផ្សារថ្មគោល ស្ថិតក្នុងស្រុកថ្មគោល ជារួមស្ថានភាពការតាំងលក់សាច់នៅលើទីផ្សារមិនសូវមានអនាម័យនៅឡើយ ក្រុមការងារបានណែនាំការតាំងលក់សាច់ត្រូវអនុវត្តតាមបទដ្ឋានបច្ចកទេសបសុព្យាបាល ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺដល់អ្នកប្រើប្រាស់ ព្រមទាំងធានាបានបរិស្ថានល្អ និងបញ្ចៀសពីហានិភ័យដែលកើតឡើងដោយសារកត្តាចង្រៃនានា។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យមន្ត្រីជំនាញត្រូវបន្តចុះណែនាំដល់ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់នៅតាមទីផ្សារក្នុងខេត្ត ត្រូវរក្សាអនាម័យឱ្យបានល្អប្រសើរចំពោះការពិឃាត ទុកដាក់សត្វនិងផលិតផលសាច់ ការតាំងលក់ សំដៅធានាបាននូវសុខភាពសត្វ សាច់ និងសុវត្ថិភាពដល់អ្នកប្រើប្រាស់៕