នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ពិធីនេះប្រារព្ធឡើងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»។
ទិវាជាតិនេះរំលេចពីសារៈសំខាន់នៃអាហារូបត្ថម្ភចំពោះសុខភាព ការលូតលាស់ និងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងជំរុញការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការទទួលទានអាហារប្រកបដោយអនាម័យ សុវត្ថិភាព និងជីវជាតិគ្រប់គ្រាន់។ ក្នុងនោះ វិស័យកសិកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង តាមរយៈការជំរុញផលិតកម្មកសិកម្មចម្រុះ និងការផ្គត់ផ្គង់ផលិតផលកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាព។
ជាមួយគ្នានេះ ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគដ៏មានតម្លៃលើសុខភាពប្រជាពលរដ្ឋ គុណភាពធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដូច្នេះ ការបន្តពង្រឹងកិច្ចសហការរវាងវិស័យពាក់ព័ន្ធ ជាពិសេសវិស័យកសិកម្ម សុខាភិបាល និងអប់រំ គឺជាកត្តាចាំបាច់ក្នុងការធានាឱ្យប្រជាពលរដ្ឋទទួលបានអាហារគ្រប់គ្រាន់ មានសុវត្ថិភាព និងជីវជាតិល្អ សំដៅកសាងសង្គមមួយដែលមានសុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព៕