កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានដឹកនាំសហការីចំនួន៤រូប ចុះពិនិត្យស្ថានភាពសមាសភាពចង្រៃលើដំណាំដូងក្រអូប ក្នុងចម្ការមួយកន្លែងដែលស្ថិតនៅភូមិអណ្តូងប្រេង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
យោងតាមលទ្ធផលនៃការចុះពិនិត្យជាក់ស្តែងឃើញថា ចម្ការដូងក្រអូបដែលមានផ្ទៃដីសរុបប្រមាណ១៧ហិកតា និងមានដើមដូងសុរបប្រមាណ ៣ ២០០ដើម ដែលបច្ចុប្បន្នដើមដូងមួយចំនួនកំពុងទទួលរងការបំផ្លាញពីដង្កូវស៊ីស្លឹកដូង។
រោគសញ្ញានៃការបំផ្លាញ រួមមាន៖ ស្លឹកប្រែជាពណ៌ត្នោត មានលក្ខណៈក្រៀម ដែលមើលពីចម្ងាយមានសភាពដូចជាត្រូវភ្លើងឆេះ ហើយស្លឹកដូងមិនអាចធ្វើរស្មីសំយោគបាន និងបណ្តាលឱ្យងាប់ដើមតែម្តង។ ការបំផ្លាញនេះ ចាប់ផ្តើមដំបូងពីធាងស្លឹកចាស់ៗ (ផ្នែកខាងក្រោម) រួចទើបរាលដាលឡើងទៅផ្នែកខាងលើ។
អនុសាសន៍៖
- ត្រូវកាត់ធាងស្លឹកដែលរងការបំផ្លាញខ្លាំង យកទៅដុតចោលជាបន្ទាន់ ដើម្បីកម្ចាត់ដង្កូវ និងដក់ដឿ (Pupa) ដែលលាក់ខ្លួននៅក្នុងនោះ
- ត្រូវសម្អាតស្មៅទាំងជុំវិញគល់ និងនៅក្នុងចម្ការទាំងមូលឱ្យបានស្អាតល្អ។
- ជីករណ្តៅជុំវិញគល់ចំនួន ៣កន្លែង និងដាក់ថ្នាំប្រភេទ Fipronil 0.3% ក្នុងកម្រិត ២០០ ក្រាម ទៅ ២៥០ ក្រាម ក្នុងមួយដើម (បរិមាណប្រែប្រួលទៅតាមទំហំអាយុកាលរបស់ដើមដូង ចៀសវាងការប្រើប្រាស់វិធានការគីមីនេះលើដើមដូងណាដែលជិតប្រមូលផល (ដូងខ្ចីសម្រាប់ហូបទឹក) និងត្រូវទុកចន្លោះពេលរង់ចាំ (Pre-Harvest Interval) យ៉ាងតិច ៣០ ថ្ងៃ ទៅ ៤៥ ថ្ងៃ ក្រោយពេលដាក់ថ្នាំ ដើម្បីធានាសុវត្ថិភាពដល់អ្នកបរិភោគ។