នាថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រីប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ខេត្តកំពត និងកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យការងារសត្តឃាតដ្ឋានគោ-ក្របី ដើម្បីវាយតម្លៃលើការអនុវត្តអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនិងកសិដ្ឋានចិញ្ចឹមគោរបស់វិស័យឯកជននិងប្រជាពលរដ្ឋ។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងដំណើរបេសកកម្មនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យការងារសត្តឃាតដ្ឋានគោ-ក្របី នៅក្នុងខេត្តកែប ខេត្តកំពត និងខេត្តកំពង់ស្ពឺ ដើម្បីឱ្យម្ចាស់កសិដ្ឋានអនុវត្តតាមវិធានការអនាម័យស្របតាមបច្ចេកទេស ជំរុញឱ្យកសិដ្ឋានផលិតស្ពែមគោ-ក្របី និងចិញ្ចឹមគោ-ក្របីឱ្យបានទិន្នផលកាន់តែប្រសើរ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចិញ្ចឹមគោ-ក្របី កុំប្រលែងឱ្យដើរនៅតាមទីសាធារណៈ អាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈជាដើម៕