នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី « ការចាប់ផ្តើមអនុវត្ត គម្រោងលើកកម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា» នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ។
សិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងកសិកម្ម អង្គការ GIZ ក្រុមហ៊ុនដៃគូ Fuchs Group និង Ofi មន្ត្រីកសិកម្មឃុំ និងតួអង្គពាក់ព័ន្ធ ដោយផ្តោតលើការគាំទ្រកសិករប្រមាណ ៣,០៥០ គ្រួសារ នៅខេត្តត្បូងឃ្មុំ និងកំពង់ធំ ក្នុងការផលិត ម្រេច និងស្វាយចន្ទី ឱ្យមានគុណភាព សុវត្ថិភាព និងស្របតាមស្តង់ដារទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាល្លឺម៉ង់ និងអឺរ៉ុប។
សិក្ខាសាលាមានការចូលរួមពី ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានកសិឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងកំពង់ធំ តំណាងរដ្ឋបាលខេត្តទាំង២ តំណាងសហគមន៍ម្រេច និងស្វាយចន្ទី និងភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា តាមរយ:សិក្ខាសាលា បានចង្អុលបង្ហាញនូវ តួនាទីមន្ត្រីកសិកម្មឃុំ ផ្តល់ការណែនាំបច្ចេកទេសដល់កសិករ ត្រួតពិនិត្យផ្ទៃក្នុងលើការអនុវត្តស្តង់ដារនិងគុណភាពផលិតកម្ម កត់ត្រា និងតាមដានប្រភពផលិតផល សម្របសម្រួលបញ្ហាបច្ចេកទេស និងការភ្ជាប់ទៅទីផ្សារជាដើម៕