នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ បន្ទាប់ពីនេសាទជាប់ដោយអចេតនា។ ព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព រវាងប្រជានេសាទ មន្ត្រីរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក្នុងការរួមគ្នាអភិរក្សប្រភេទត្រីទឹកសាបជិតផុតពូជខ្លាំងកម្រិតពិភពលោក។ ផ្អែកលើទិន្នន័យកន្លងមក ការងារសង្គ្រោះត្រីរាជទទួលបានលទ្ធផលជាបន្តបន្ទាប់ រួមមានការលែងចំនួន ២៦ ក្បាល ក្នុងអំឡុងឆ្នាំ២០២៣-២០២៤, ចំនួន ៥ ក្បាល ក្នុងឆ្នាំ២០២៥ និង ១ ក្បាលទៀត (ឈ្មោះ «រំដួលកងមាស») ដែលត្រូវបានប្រជានេសាទប្រទះឃើញជាប់ម៉ងដោយអចេតនា ឃុំរកាកោយ ស្រុកកងមាស ខេត្តកំពង់ចាម ហើយត្រូវបានបំពាក់ស្លាកលេខ (Code 039) មុននឹងលែងចូលទន្លេមេគង្គវិញ។ សកម្មភាពដោះលែងជាបន្តបន្ទាប់នេះ បញ្ជាក់យ៉ាងច្បាស់ពីការប្រែប្រួលឥរិយាបថ និងការយល់ដឹងកាន់តែខ្ពស់របស់ប្រជានេសាទ ក្នុងការរួមគ្នារក្សាការពារធនធានជលផលកម្រ និងបេតិកភណ្ឌធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ៕