ពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នឹងការងារគ្រប់គ្រងបុគ្គលិក ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០១៨ 4401

នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងវិធានការណែនាំផ្សេងៗ លើឯកសារពាក់ព័ន្ធនឹងការងារគ្រប់គ្រងបុគ្គលិក ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពជំនាញក្រសួង ហើយនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ អង្គភាពជំនាញនីមួយៗ បាននិងកំពុងពង្រឹងការគ្រប់គ្រងវត្តមានរបស់មន្រ្តីរាជការឱ្យមកបំពេញការងារបានជាប់លាប់ និងបានយកចិត្តទុកដាក់លើការការពារផលប្រយោជន៍ និងការលើកទឹកចិត្តមន្រ្តីរាជការមានជាអាទិ៍ ការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ការផ្តល់គ្រឿងឥស្សរិយយស ការកសាងសមត្ថភាពជូនមន្រ្តីរាជការ និងការបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តពីការផ្តល់សេវាសាធារណៈ។ ទន្ទឹមនឹងនេះក្រសួងក៏បានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តនូវសារាចរ សេចក្តីសម្រេច សេចក្តីណែនាំ និងលិខិតពាក់-ព័ន្ធ នឹងការងារគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាផងដែរ ហើយទន្ទឹម នឹងការដាក់ចេញនូវការណែនាំ ក្រសួងក៏មានយន្តការតាមដានការអនុវត្ត ដោយមាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស និងអគ្គាធិការដ្ឋានជាសេនាធិការផ្ទាល់ក្នុងការចុះត្រួតពិនិត្យមន្រ្តីរាជការនៅតាមអង្គភាពក្រោមឱវាទក្រសួងផងដែរ។ ម្យ៉ាងទៀត ចំពោះការអនុវត្តតាម ស្មារតី អនុក្រឹត្យលេខ៥៦ ក្រសួងពិនិត្យឃើញថាដើម្បីឲ្យអង្គភាពក្រោមឱវាទក្រសួងយល់ឱ្យបានស៊ីជម្រៅថែមទៀត ទៅលើខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យនេះ ចាំបាច់ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយនេះឡើង ដោយបានអញ្ជើញអ្នកជំនាញពីក្រសួងមុខងារសាធារណៈ ដើម្បីមកធ្វើបទបង្ហាញ និងបកស្រាយរាល់ចម្ងល់ របស់អ្នកចូលរួមប្រជុំនាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំការិយាល័យ ដែលមានវត្ត-មាននៅក្នុងកិច្ចប្រជុំនេះនូវអនុសាសន៍មួយចំនួនដូចតទៅ៖

ទី១- ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងចាត់វិធានការសមស្រប ដើម្បីពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា និងត្រូវធ្វើបញ្ជីសម្រង់វត្តមានឱ្យបានហ្មត់ចត់។ ប្រធានអង្គភាពតាមឋានានុក្រមនៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ត្រូវទទួលខុសត្រូវផ្ទាល់ចំពោះមន្រ្តីក្រោមឱវាទដែលមិនបានមកបំពេញការងារ ឬ មកបំពេញការងារមិនទៀងទាត់ ឬអវត្តមានដោយគ្មានមូលហេតុ ដោយត្រូវអនុវត្តតាមស្មារតីអនុក្រឹត្យលេខ៥៦ ដែលនឹងត្រូវធ្វើការផ្សព្វផ្សាយនាពេលបន្តិចទៀតនេះ។ ទន្ទឹមនឹងការគ្រប់គ្រងវត្តមាន អង្គភាពនីមួយៗ ក៏ត្រូវរៀបចំបែងចែកការងារទៅតាមមុខតំណែងនិងភារកិច្ចដល់មន្រ្តីរាជការគ្រប់រូបឱ្យមានការងារអនុវត្តប្រកបដោយសមធម៌ ដោយត្រូវចេះច្នៃប្រឌិត និងបង្កលក្ខណៈតាមគ្រប់រូបភាព ដើម្បីឱ្យមន្រ្តីរាជការក្រោមឱវាទមានមធ្យោបាយបម្រើការងារបានសមរម្យ ព្រមទាំងត្រូវចេះបង្កើតបរិយាកាសការងារល្អនៅតាមអង្គភាពរបស់ខ្លួនក្នុងស្មារតីសាមគ្គីភាព និងភាតរភាព។

ទី២- ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្រ្តីរាជការក្រោមឱវាទ។ ទន្ទឹមនឹងនេះគ្រប់អង្គភាព ត្រូវខិតខំលើកទឹកចិត្តដល់មន្រ្តីរាជការដែលបានខិតខំបន្តការសិក្សា ហើយទទួលបានសញ្ញាបត្រខ្ពស់ជាងសញ្ញាបត្រដែលបានកំណត់ក្នុងក្របខណ្ឌ ដោយអង្គភាពត្រូវរៀបចំសំណុំបែបបទឯកសារ សម្រាប់ស្នើដំឡើងថ្នាក់មួយថ្នាក់ជាស្វ័យប្រវត្តិជូនមន្រ្តីរាជការនោះ។ រាល់សំណើសុំនៃការដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្រ្តីរាជការ អង្គភាពត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងឲ្យមានភាពសុក្រឹតតាមមូលដ្ឋានច្បាប់និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងដែលមានជាធរមាន ព្រមទាំងត្រូវគោរពឲ្យបានម៉ឺងម៉ាត់តាមគោលការណ៍និងលក្ខណការណ៍សម្ងាត់។

ទី៣- ត្រូវយកចិត្តទុកដាក់ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការណាដែលមានស្នាដៃការងារពិតប្រាកដ ដោយក្នុងនោះអង្គភាពត្រូវសម្លឹងរកមើលឱ្យឃើញនូវមន្រ្តីសកម្ម ហើយពុំធ្លាប់ទទួលបានមេដាយ ឬបានទទួលដែរតែមេដាយនៅក្នុងថ្នាក់ឬកម្រិតទាប ដែលមិនស័ក្តិសមនឹងអតីតភាពការងារដែលមន្រ្តីបានបម្រើការងារជូនក្រសួង និងរាជរដ្ឋាភិបាល។ ក្នុងន័យនេះ អង្គភាពនីមួយៗ ត្រូវប្រើប្រាស់គោលការណ៍ប្រកបដោយសមធម៌ ក្នុងការផ្តល់គ្រឿងឥស្សរិយយសតាមការណែនាំរបស់រាជរដ្ឋាភិបាលលើការដំឡើងបៀវត្សជូនមន្ត្រីរាជការនៃឆ្នាំនីមួយៗ បានន័យថា មន្រ្តីធ្លាប់ទទួលបានគ្រឿងឥស្សរិយយសខ្ពស់រួចមកហើយ ត្រូវទុកឱកាសជូនមន្រ្តីរាជការណាមានស្នាដៃការងារល្អ ហើយពុំធ្លាប់ទទួលបានមេដាយ ឬបានទទួលដែរតែនៅក្នុងថ្នាក់ទាបនោះ មានលទ្ធភាពទទួលមេដាយផង ព្រមទាំងគិតគូរលើកទឹកចិត្តជាចម្បងដល់មន្រ្តីកំពុងបម្រើការងារនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ ពិសេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តទាំងអស់ ។

ទី៤- អ្នករាជការទាំងអស់ មិនគ្រាន់តែត្រូវបំពេញកាតព្វកិច្ចដែលតម្រូវដោយច្បាប់សហលក្ខន្តិកៈប៉ុណ្ណោះទេ ប៉ុន្តែនៅមានកាតព្វកិច្ចមួយចំនួនទៀត ដែលតម្រូវដោយលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌ ហើយក៏ដូចជាប្រជាពលរដ្ឋទូទៅដែរ ត្រូវតែមានកាតព្វកិច្ចគោរពច្បាប់រដ្ឋដទៃទៀតទាំងអស់ និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ កាតព្វកិច្ចនៃអ្នករាជការរាល់រូបមានចែងនៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី ៥ មាត្រា ៣៣ ៣៤ ៣៥ ៣៦ ៣៧ និង៣៨។ ទន្ទឹមនឹងនេះ ត្រូវទទួលយកការណែនាំពីថ្នាក់ដឹកនាំ ក្នុងការបំពេញភារកិច្ចឱ្យបានល្អ ត្រូវយកយោបល់ថ្នាក់ដឹកនាំមកពិចារណា។ ប្រធានត្រូវចេះអត់ធ្មត់ ចេះដោះស្រាយលើបញ្ហាដែលកើតមានឡើងដែលមិនបានគ្រោងទុកនិងយកការងារថ្នាក់ក្រោមមកពិចារណា និងជៀសវាងការធ្លាក់ទៅរកចំណាត់ការផ្តាច់ការ។

ទី៥- តាមមាត្រា ៣៣ នៃច្បាប់ សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ អំពីវិន័យអ្នករាជការ រាល់រូបត្រូវតែគោរព អនុវត្តច្បាប់ និងបទបញ្ជា ហើយនិងការណែនាំពីថ្នាក់លើរបស់ខ្លួន។ បានសេចក្តីថា អ្វីដែលជាភារកិច្ចរបស់មន្ត្រីរាជការមានចែងយ៉ាងច្បាស់លាស់នៅក្នុងច្បាប់ បទបញ្ជា និងការណែនាំរបស់ថ្នាក់លើ។ កាតព្វកិច្ចនេះ គឺជាអ្វីដែលមន្រ្តីរាជការត្រូវធ្វើដោយខានមិនបាន បើមិនបានបំពេញ ឬខកខានមិនបាននោះ នឹងត្រូវទទួលនូវទណ្ឌកម្មផ្សេងៗខាងវិន័យ ឬក៏ត្រូវដាក់ឲ្យចូលនិវត្តន៍ ឬត្រូវបញ្ឈប់ពីការងាររាជការ។ ទី៦- មានកាតព្វកិច្ចជាច្រើនដែលមន្រ្តីរាជការត្រូវអនុវត្តៈ កាតព្វកិច្ចប្រកាន់យកភាពថ្លៃថ្នូ និងមានកិត្តិយស កាតព្វកិច្ចល័ក្ខណការណ៍ កាតព្វកិច្ចគោរពការសម្ងាត់វិជ្ជាជីវៈ កាតព្វកិច្ចអព្យាក្រឹតក្នុងការងារ កាតព្វកិច្ចភក្តីភាព និងកាតព្វកិច្ចគិតគូរប្រយោជន៍ទូទៅ។

ទី៧- អនុលោមស្មារតីនៃសេចក្តីជូនដំណឹងលេខ ៩៦៨ សជណ.កស ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងបានចេញជាប្រកាសលេខ ៦០៩ ប្រក.កសក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការប្តូរឈ្មោះមន្ទីរកសិកម្ម រាជធានី ខេត្ត និងការដាក់បញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលឱ្យស្ថិតក្រោមមន្ទីរកសិកម្មរាជធានី ខេត្ត និងប្រកាសលេខ ៦៥២ ប្រក.កសក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីការផ្ទេរធនធាន និងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលនៃខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ។ ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវនាវ និងក្រើនរំឭកដល់មន្រ្តីរាជការទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តត្រូវបំពេញនូវភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានម៉ត់ចត់ ក្នុងដំណាក់កាលអន្តរកាលនេះប្រកបដោយស្មារតីទទួលខុសត្រូវ និងតាមអនុសាសន៍ទាំងឡាយដែលខ្ញុំបានរៀបរាប់ខាងលើនេះ។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងការគិតគូរអំពីបញ្ហាប្រឈមទាំងឡាយដែលប្រជាកសិករជួបប្រទះនិងចូលរួមដោះស្រាយឱ្យបានល្អប្រសើរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងរៀបចំវេទិកាកសិកម្មដើម្បីកសាងភាពជាដៃគូររវាង សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍ជលផលជាមួយអ្នកពាក់ព័ន្ធជាពិសេសវិស័យឯកជន និងសង្គមស៊ីវិលនៅមុនការរៀប ចំសន្និបាតកសិកម្ម នៅដើមឆ្នាំក្រោយ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 161

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 268

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 269

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 337

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 339

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 352

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 323

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 398

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងតម្រង់ទិសនៃការគ្រប់គ្រង ការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោង CFAVC ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី (ASPIRE-AT) និងឯកឧត្តម ចាន់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 410

អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី អញ្ជើញដឹកនាំក្រុមការងារជំនាញចុះព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងសហគមន៍នេសាទចំនួន៣ ចុះព្រលែងកូនក្តាមសេះចំនួនសរុប៥១ម៉ឺនក្បាលចូលដែនសមុទ្រខេត្តកែប...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 504

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២)...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 494

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER នាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(CIRAD)...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 572

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ២០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម...