នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុនទីប្រឹក្សាអភិវឌ្ឍន៍ធនធាន(Resource Development Consultant Co., Ltd. – RDC) បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យរបាយការណ៍បញ្ចប់ការងារ របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ក្រោមអធិបតីភាព ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្មនៃគម្រោង LASED III នៅខេត្តកែប។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ឃី កុសល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពិនិត្យ និងពិភាក្សាលើលទ្ធផលការងារសំខាន់ៗដែលក្រុមហ៊ុន បានចងក្រងក្នុងរបាយការណ៍បញ្ចប់ បន្ទាប់ពីអនុវត្តការងារអស់រយៈពេល ១៥ខែកន្លងមកតាមរយៈការធ្វើបទបង្ហាញ និងលើកឡើងពីចំណុចសំខាន់ៗក្នុងអំឡុងពេលអនុវត្តការងារ ដោយផ្តោតលើការកែលម្អប្រព័ន្ធកសិកម្ម ការគ្រប់គ្រងធនធានដី និងទឹក ព្រមទាំងការពង្រីកលទ្ធភាពទទួលបានទីផ្សាររបស់ប្រជាកសិករ និងសហគមន៍គោលដៅ។
ក្រោយពីទទួលស្តាប់ការធ្វើបទបង្ហាញចប់សព្វគ្រប់ ឯកឧត្តម ឃី កុសល បានផ្តល់អនុសាសន៍លើការពង្រឹងគុណភាពរបាយការណ៍ឱ្យមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានឯកសារគាំទ្រគ្រប់គ្រាន់ ជាពិសេសពិនិត្យកែសម្រួលធ្វើបច្ចុប្បន្នភាពលទ្ធផលសម្រេចបានធៀបនឹងគោលដៅដែលបានកំណត់ និងផ្ទៀងផ្ទាត់ជាមួយឯកសារគាំទ្របានត្រឹមត្រូវ ព្រមទាំងដាក់ចេញនូវអនុសាសន៍តម្រង់ទិសការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៧ ក៏ដូចជានៅក្រោយបញ្ចប់គម្រោង ដើម្បីធានាបានប្រសិទ្ធភាព និងនិរន្តភាពគម្រោង ដោយផ្តោតលើភាពប្រសើរឡើងនៃជីវភាពប្រជាជនអ្នកទទួលផលជាចម្បង៕