ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ វិស័យជលផលប្រចាំឆ្នាំ២០១៦ និងទិសដៅវិធានការឆ្នាំ២០១៧

ចេញ​ផ្សាយ​ ២៣ កុម្ភៈ ២០១៨ 3696

នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលប្រចាំឆ្នាំ២០១៦ និងទិសដៅវិធានការឆ្នាំ២០១៧។ អញ្ជើញចូលរួមក្នុងពិធីនោះមានឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង និងឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងទាំងអស់។ បន្ទាប់ពីឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឡើងអានរបាយការណ៍រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អ និងការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ជាពិសេសការបង្រ្កាបបទល្មើសជលផលតាមគ្រប់រូបភាពឱ្យទទួលបានលទ្ធផលល្អប្រសើរ ទោះបីនៅមានបញ្ហាប្រឈមខ្លះៗក៏ដោយ។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃកន្លងមកនេះ ពិតជានឹងផ្តល់នូវបទពិសោធន៍ថ្មីៗបន្ថែមទៀតដើម្បីជាមូលដ្ឋានសម្រាប់យើងទាំងអស់គ្នាចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យជលផលឱ្យទទួលបានជោគជ័យបន្ថែមទៀតតាមការរំពឹងទុក។ ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងវិស័យជលផលឱ្យមាននិរន្ដរភាព ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមផ្ដល់នូវមតិណែនាំ និងផ្ដាំផ្ញើមួយចំនួនដើម្បីជាធាតុចូលសម្រាប់អនុវត្តបន្តដូចតទៅ៖

ទី១- រដ្ឋបាលជលផលត្រូវបន្តការយកចិត្ដទុកដាក់លើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់អនុវត្ដភារកិច្ច ពង្រឹងសមត្ថភាពជំនាញ និងត្រូវចុះដល់មូលដ្ឋាន ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ដ្រីរាជការរបស់ខ្លួន។ ត្រូវយកចិត្តទុកដាក់ធ្វើកំណែទម្រង់របៀបរបបការងារ ក្នុងការផ្តល់សេវាសាធារណៈឱ្យកៀកដល់ប្រជាពលរដ្ឋឱ្យបានឆាប់ប្រកបដោយតម្លាភាព ព្រមទាំងត្រូវពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យការអនុវត្តរបស់មន្រ្តីជលផលឱ្យបានម៉ឺងម៉ាត់ ដោយត្រូវគិតគូរអំពីការផ្តល់មធ្យោបាយធ្វើដំណើរ សម្ភារ និងថវិកាឱ្យបានសមស្របផងដែរ។

ទី២- បច្ចុប្បន្ននេះ បច្ចេកទេសជឿនលឿនបានធ្វើឱ្យមនុស្សចេះច្នៃប្រឌិតនូវឧបករណ៍នេសាទប្លែកៗដើម្បី ចាប់ត្រីដោយប្រសិទ្ធភាពខ្ពស់បំផុត និងមានលក្ខណៈបំផ្លិចបំផ្លាញកាន់តែខ្លាំងដល់ប្រភពធនធានជលផល។ ហេតុដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់រាល់សកម្មភាពប្រើប្រាស់ឧបករណ៍នេសាទ ល្មើសច្បាប់ទាំងនោះ ដោយប្រើគ្រប់វិធានការទាំងអស់ ធ្វើយ៉ាងណាបង្រ្កាបឱ្យបានជាដាច់ខាត ព្រមទាំងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់អំពីគ្រោះថ្នាក់នៃឧបករណ៍ទាំងនោះ។ ទន្ទឹមនឹងនេះ ក៏មិនត្រូវមើលរំលងអំពីការពង្រឹងវិន័យដល់មន្ដ្រីរបស់ខ្លួនឱ្យចៀសវាងការឃុបឃិតជាមួយជនល្មើស ទោះជាក្នុងរូបភាពណាក៏ដោយ។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងការគិតគូរអំពីបញ្ហាប្រឈមទាំងឡាយដែលប្រជាកសិករដ៏ដូចជាប្រជានេសាទជួបប្រទះ និងចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា។ រដ្ឋបាលជលផលត្រូវបន្តអនុវត្តការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលជាអចិន្រ្តៃយ៍ដោយប្រើកម្លាំងសរុបសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នេសាទ ជាពិសេសធ្វើយ៉ាងណាឱ្យមានការគាំទ្រពីគណៈបញ្ជាការឯកភាពខេត្ត-ស្រុក និងដោយឡែកក្នុងនាមរដ្ឋបាលជលផលជាសេនាធិការរបស់គណៈកម្មការអនុ្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប។

ទី៣- ត្រូវបន្តការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តគ្រប់ប្រភេទឱ្យបានទូលំទូលាយថែមទៀត។ ទន្ទឹមនឹងនេះ ក៏ត្រូវបន្តខិតខំពង្រឹងសមត្ថភាពរបស់សហគមន៍នេសាទដែលបានបង្កើតឡើងរួចហើយចំនួន៥១៦សហគមន៍ឱ្យបានរឹងមាំក្លាយជាសហគមន៍នេសាទគ្មានបទល្មើស។ ការងារនេះពិតមែនតែលំបាក ប៉ុន្តែយើងមានលទ្ធភាពអាចធ្វើបាន ពីព្រោះសព្វថ្ងៃនេះមានសហគមន៍ខ្លះបានធ្វើដោយជោគជ័យហើយ ដូចករណីសហគមន៍កំពង់ត្រឡាចលើក្នុងខេត្តកំពង់ឆ្នាំង និងសហគមន៍ត្រពាំងសង្កែក្នុងខេត្តកំពត ជាដើម។ ត្រូវយកចិត្ដទុកដាក់បង្កើតមុខរបរចិញ្ចឹមជីវិត កន្លែងអភិរក្ស និងធនាគារក្ដាមក្នុងកន្លែងនេសាទសហគមន៍ឱ្យបានច្រើនថែមទៀត ជាពិសេសត្រូវរៀបចំចុះបញ្ជី សហគមន៍នេសាទឱ្យបានគ្រប់សហគមន៍ទាំងអស់។ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទត្រូវពិនិត្យមើលលទ្ធភាពធ្វើយ៉ាងណាឱ្យសហគមន៍នេសាទអាចទទួលបានផលប្រយោជន៍ពីការការពារនិងគ្រប់គ្រង ធនធានជលផលរបស់ខ្លួន និងមានចំណូលសម្រាប់ដំណើរការការពារធនធានជលផលនៅមូលដ្ឋានប្រកបដោយភាពម្ចាស់ការ។ ម្យ៉ាងទៀត ដើម្បីអូសទាញឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមអស់ពីកម្លាំងកាយចិត្ត ត្រូវបង្កើនការបើកវគ្គអប់រំផ្សព្វផ្សាយដល់សមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងជ្រួតជ្រាបពីសារៈសំខាន់នៃធនធានជលផលដែលពួកគាត់ត្រូវតែចូលរួមថែរក្សាការពារជាចាំបាច់។

ទី៤- ត្រូវយកចិត្តទុកដាក់ការពារកន្លែងអភិរក្សជលផលឱ្យបានគង់វង្សល្អ ដោយរៀបចំ ក្រុមយាមការពារកន្លែងអភិរក្សដែលរួមមានមន្ត្រីជលផល កម្លាំងនគរបាល អាវុធហត្ថ និងតំណាងសហគមន៍នេសាទចូលរួម។ ត្រូវបន្តផ្សព្វផ្សាយពីផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ជី និងថ្នាំកសិកម្មផ្សេងៗ ដែលនាំឱ្យវិនាសហិនហោចដល់ធនធានជលផល និងត្រូវរៀបចំកន្លែងអភិរក្សឱ្យបានច្រើនកន្លែងថែមទៀតទាំងទឹកសាបនិងសមុទ្រ។ ត្រូវមានវិធានការតឹងរ៉ឹងបំផុតដល់ការធ្វើពាណិជ្ជកម្មប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ ហើយលើកយុទ្ធសាស្រ្តបង្កើនផលស្តុកទ្បើងវិញជាជំហានៗ។ ត្រូវប្រជុំផ្សព្វផ្សាយ អនុក្រឹត្យ និងប្រកាសស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់ដល់អាជីវករនិងម្ចាស់ភោជនីយដ្ឋាន ដើម្បីទប់ស្កាត់ការលក់ដូរប្រភេទសត្វជិតផុតពូជ ដូចជាអណ្តើក កន្ធាយ ត្រីគល់រាំង ត្រីត្រសក់ ត្រីរាជ ជាដើម។ ទន្ទឹមនឹងនេះក៏ត្រូវពង្រឹងការគ្រប់គ្រងអំពីការចិញ្ចឹមត្រីរ៉ស់ និងត្រីឆ្តោឱ្យបានសមស្របតាមវិធានបច្ចេកទេស និងនីតិវិធី។ ជាមួយនេះដែរ ត្រូវយកចិត្តទុកដាក់ជំរុញចលនាដាំដើមឈើព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានច្រើនក្នុង១ឆ្នាំៗ ដើម្បីប្រែក្លាយកន្លែងដែលបាត់បង់ព្រៃទៅជាជម្រកធម្មជាតិដ៏ល្អស្រស់បំព្រង។ ម្យ៉ាងទៀត ត្រូវបន្តសិក្សាតំបន់កោះ ឬតំបន់ផ្កាថ្ម ស្មៅសមុទ្រ ដែលមានសក្តានុពលខ្ពស់ ដើម្បីបង្កើតជាកន្លែងអភិរក្សជលផលសមុទ្រ តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងន័យការពារបរិស្ថានជលផលសមុទ្រឱ្យបានគង់វង្សល្អផង និងទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនាសមុទ្ររបស់យើងផងដែរ។

ទី៥- ត្រូវបន្ដសិក្សាបន្ថែមទៀតពីវិធីសាស្រ្តបង្កើនផលត្រីតាមរយៈការបង្កាត់ភ្ញាស់ប្រភេទ ពូជថ្មី និងត្រូវជំរុញការចិញ្ចឹមត្រីក្នុងស្រះ បែ និងក្នុងស្រែ ព្រមទាំងខិតខំបង្កើតស្រះជម្រកត្រីសហគមន៍ឱ្យបានគ្រប់ឃុំទូទាំងប្រទេស តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន។ ត្រូវបង្កើនសមត្ថភាពបច្ចេកទេសវារីវប្បកម្មដល់មន្ដ្រីជលផល និងប្រជាពលរដ្ឋទូទៅឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ដោយឡែក ស្ថានីយ៍ភ្ញាស់កូនត្រីពូជនីមួយៗត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឡើងវិញ ដើម្បីបង្កាត់ភ្ញាស់កូនត្រីពូជឱ្យបានច្រើន ប្រកបដោយគុណភាពល្អសម្រាប់ចែកជូនកសិករ ជាពិសេសខិតខំភ្ញាស់កូនបង្កងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជំរុញការចិញ្ចឹមផង និងលែងទៅក្នុងធម្មជាតិផង។ ត្រូវលើកទឹកចិត្ដដល់ផ្នែកឯកជនក្នុងការវិនិយោគបង្កើតស្ថានីយ៍ភ្ញាស់កូនត្រីពូជ កសិដ្ឋានចិញ្ចឹមត្រី រោងចក្រផលិតចំណីត្រី រោងចក្រកែច្នៃផល ផលិតផលជលផល។ ព្រមទាំងបន្ដការបោះពុម្ភផ្សព្វផ្សាយឯកសារបច្ចេកទេសវារីវប្បកម្ម ដើម្បីចែកជូនដល់វារីវប្បករឱ្យបានទូលំទូលាយទូទាំងប្រទេស។

ទី៦- ត្រូវយកចិត្តទុកដាក់ពង្រឹងនូវការអនុវត្តបទដ្ឋានគតិយុត្តដែលចាំបាច់ ព្រមទាំងរៀបចំឱ្យមានមន្ទីរពិសោធន៍សម្រាប់វិភាគគុណភាព និងសុវត្ថិភាពផល ផលិតផលជលផលដើម្បីជួយសម្រួលដល់ការអនុវត្តប្រព័ន្ធតាមដាន និងត្រួតពិនិត្យគុណភាពឱ្យកាន់តែមានប្រសិទ្ធភាព ពិសេសការយកចិត្តទុកដាក់បញ្ជូនមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់លើការប្រើសារធាតុគីមីដែលហាមឃាត់ ជាពិសេសលើផលផលិតផលជលផលនាំចូលពីក្រៅប្រទេស ដើម្បីធានាសុខុមាលភាពសាធារណៈ។

ទី៧- ត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវអំពីកត្តាផ្សេងៗដែលជះឥទ្ធិពលដល់បរិមាណផលត្រី ផលស្តុកធម្មជាតិនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សហគមន៍នេសាទ ដើម្បីលើកសំណើជូនរាជរដ្ឋាភិបាលក្នុងន័យធ្វើយ៉ាងណាឱ្យផ្លែផ្កានៃការកែទម្រង់ស៊ីជម្រៅបានធ្លាក់ដល់ដៃប្រជាពលរដ្ឋ និងសហគមន៍នេសាទ។ ត្រូវធ្វើការស្រាវជ្រាវពីផលប៉ះពាល់លើធនធានជលផលដែលបណ្តាលមកពីការបូមខ្សាច់ ការសាងសង់ទំនប់វារីអគ្គីសនី ពោលគឺត្រូវរកមូលហេតុពិតប្រាកដរបស់វាឱ្យបានច្បាស់លាស់។ ទន្ទឹមនឹងនេះរដ្ឋបាលជលផលត្រូវបន្តរៀបចំយុទ្ធសាស្ត្របន្ស៉ាំនឹងបម្រែបម្រួលអាកាសធាតុលើវិស័យជលផលដើម្បីធានាការគ្រប់គ្រងវិស័យជលផលប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៨- បច្ចុប្បន្ននេះរដូវប្រាំងបានចាប់ផ្តើមហើយ ដែលជារៀងរាល់ឆ្នាំ តែងតែកើតមានបាតុភាពភ្លើងឆេះព្រៃ នៅតំបន់បឹងទន្លេសាប បណ្តាលមកពីការចូលទៅរុករានចាប់សត្វពស់ អណ្តើក យកឃ្មុំ ឬទៅធ្វើនេសាទក្នុងព្រៃលិចទឹក។ ហេតុនេះ គ្រប់អធិការដ្ឋាននិងខណ្ឌរដ្ឋបាលជលផលទាំងអស់ត្រូវផ្សព្វផ្សាយពីផលប្រយោជន៍នៃព្រៃលិចទឹក និងចាត់វិធានការទប់ស្កាត់ស្របតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមក ដោយសហការជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋានដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃឱ្យមានប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

ទី៩- ត្រូវបន្តជំរុញការរៀបចំលិខិតបទដ្ឋានក្រោមច្បាប់ ជាពិសេសការរៀបចំច្បាប់ អនុក្រឹត្យ ប្រកាស គោលការណ៍ណែនាំបច្ចេកទេសដែលនៅសេសសល់បន្ថែមទៀតឱ្យបានឆាប់រហ័ស ដើម្បីជាមូល-ដ្ឋានក្នុងការអនុវត្តច្បាប់ស្ដីពីជលផលឱ្យមានប្រសិទ្ធភាព និងធានានិរន្ដរភាពធនធានជលផល ព្រមទាំងបន្តខិតខំស្វែងរកដៃគូអភិវឌ្ឍន៍លើការងារសហប្រតិបត្តិការ ការងារបច្ចេកទេស ការសិក្សាស្រាវជ្រាវ និងថវិកា ដោយភាពឈ្លាសវៃក្នុងការទាក់ទងជាមួយដៃគូអភិវឌ្ឍន៍ក្នុងវិស័យរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ម្យ៉ាងទៀត ឯកឧត្តមយកឱកាសនេះ រំឭកដល់គ្រប់អង្គភាពជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បន្តអនុវត្តនូវអនុសាសន៍គន្លឹះទាំង៧ចំណុចដែលឯកឧត្តមលើកឡើងក្នុងកិច្ចប្រជុំពិនិត្យរបាយការណ៍អនុវត្តថវិកាឆ្នាំ២០១៦ និងការផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧កន្លងមកនេះឱ្យទទួលបានជោគជ័យ។

ទី១០-សាមគ្គីភាពផ្ទៃក្នុងជាកត្តាសំខាន់ណាស់ដែលនាំដល់ជោគជ័យនៃការអនុវត្តការងារគ្រប់យ៉ាង។ ដូច្នេះ ត្រូវអនុវត្តវិន័យល្អ ស្តាប់បង្គាប់ថ្នាក់ដឹកនាំតាមឋានានុក្រម ត្រូវចេះយោគយល់គ្នាក្នុងនាមអង្គភាពតែមួយ រក្សាសាមគ្គីភាពដើម្បីកិត្តិយសអង្គភាព គោរពតាមភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យបានត្រឹមត្រូវ ទើបអង្គភាពរបស់យើងមានការរីកចម្រើន។ ម្យ៉ាងទៀត ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល យើងបានដឹងទាំងអស់គ្នាហើយថា មន្រ្តីរាជការស៊ីវិលនៃខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ។ ក្នុងស្មារតីនេះ ឯកឧត្តម បានអំពាវនាវ និងក្រើនរំឭកដល់មន្រ្តីរាជ-ការទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តត្រូវបំពេញនូវភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានម៉ត់ចត់ ក្នុងដំណាក់កាលអន្តរកាលនេះប្រកបដោយស្មារតីទទួលខុសត្រូវ និងតាមអនុសាសន៍ទាំងឡាយដែលឯកឧត្តមបានរៀបរាប់ខាងលើ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 290

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 285

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាពក្នុង​វគ្គ​បណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព​ក្នុងពិធី​បើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 302

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយ​ ​ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពិនិត្យលទ្ធភាពនៃការវិនិយោគក្នុងវិស័យកសិកម្ម

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ​ ប្រតិភូសភាពាណិជ្ជកម្មរដ្ឋ​កាលីហ្វ័រញ៉ា​ ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 293

ឯកឧត្តម គង់ ច័ន្ទវាសនា ទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តមអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ក្នុងនាមជាប្រធានក្រុមការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 308

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍ «បឹងរំអិល» នៅស្រុកចិត្របុរី ខេត្តក្រចេះ

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារពិនិត្យមើលទីតាំង និងជួបពិភាក្សាការងារជាមួយប្រជាសហគមន៍នេសាទអេកូទេសចរណ៍...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 331

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលនៅភូមិ សាស្ត្រស្រុកពោធិ៍រៀង ខេត្តព្រៃវែង

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ២៩ មករា ២០២៦ 349

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និងសុវត្ថិភាព​ការងារ​ក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គលើ និងទន្លេសាប

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​​​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់​សុខភាព...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 362

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ប្រចាំឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តមរដ្ឋលេខាធិការ រស់ សូដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 368

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ច ទទួល និងទទួលគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 365

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ និងពិនិត្យស្ថានភាព​មមាច​ត្នោតបំផ្លាញដំណាំស្រូវប្រាំង នៅស្រុកឆ្លូង ខេត្តក្រចេះ

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ជំនាញ​ជួបសំណេះសំណាលជាមួយប្រជាកសិករ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 362

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបជាមួយលោក​ Chris Howe នៃអង្គការ WWF អន្តរជាតិ​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារក្នុងភាពជាដៃគូ

នារសៀលថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ទទួលជួបជាមួយលោក​ Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាសុីអាគ្នេយ៍នៃអង្គការ...
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 394

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ====================== នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានជលផល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី ថ្នាក់ដឹកនាំនៃរដ្ឋបាលជលផល ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងនាយខណ្ឌរដ្ឋបាលជលផល រាជធានី ខេត្តទាំង២៥។ នាឱកាសនោះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានរាយការណ៍អំពីលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលក្នុងឆ្នាំ២០២៥ ដោយរក្សាបាននូវកំណើនផលនេសាទ ពិសេសត្រីទឹកសាបមានការកើនឡើងប្រមាណ១០% ធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា ការកើនឡើងនៃផលនេសាទទឹកសាបនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។ ការកើនឡើងនូវផលនេសាទនេះ នាំឱ្យមហាជនមានការអបអរសាទរនិងសប្បាយរីករាយ។ ទន្ទឹមនឹងការកើនឡើងផលនេសាទ សត្វផ្សោតទន្លេមេគង្គក៏មានការកើនឡើងចំនួន៧ក្បាល គឺពី១០៤ក្បាល ដល់ ១១១ក្បាល។ ឯកឧត្តម ហាស់ សារ៉េត បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចបានសមិទ្ធផលថ្មីៗគួរជាទីមោទនៈរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងមក។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តម ហាស់ សារ៉េត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃ រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗដូចជា ត្រូវពង្រឹងការការពារ និងការអភិរក្សធនធានជលផល ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឱ្យបានម៉ឺងម៉ាត់និងស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើស ត្រូវពង្រឹងការគ្រប់គ្រងវារិជាតិ និងការធ្វើអាជីវកម្មផល ផលិតផលជលផល ប្រកបដោយប្រសិទ្ធភាព ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្ម សិក្សាតម្រូវការទីផ្សារដើម្បីរៀបចំផែនការផលិតកម្មច្បាស់លាស់ និងលើកទឹកចិត្តវិស័យឯកជនក្នុងការវិនិយោគផ្នែកវារីវប្បកម្ម និងត្រូវពង្រឹងគុណភាព សុវត្ថិភាពផល ផលិតផលជលផល និងខ្សែច្រវាក់តម្លៃផលជលផល ដើម្បីលើកកម្ពស់ផលិតកម្មតាមស្តង់ដារ។ មុនបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការនិងគណ:អធិបតី​បានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃឆ្នេីមជាច្រេីននាក់ផងដែរ៕

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់...