នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង EMPOWER ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់កសិករបង្គោលតំណាងភូមិ (Village Focal Persons – VFPs) ដើម្បីពង្រឹងការយល់ដឹងអំពីតួនាទី ភារកិច្ច និងការងារសម្របសម្រួល ព្រមទាំងជ្រើសរើសបេក្ខភាពតំណាងកសិករ សម្រាប់ត្រៀមរៀបចំគណៈកម្មការដឹកនាំសហគមន៍កសិកម្មទំនើប។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រុមការងារគម្រោងថ្នាក់ស្រុក មន្ត្រីកសិកម្មឃុំ និងកសិករបង្គោលតំណាងភូមិចំនួន ៤០រូប មកពីភូមិគោលដៅអនុវត្តគម្រោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ឯកឧត្តម ខាត់ សុធី បានគូសបញ្ជាក់ថា គម្រោង EMPOWER ស្រុកឯកភ្នំ បានគាំទ្រកសិករលើផលិតកម្មចំនួន ៣ប្រភេទ រួមមាន៖ ការចិញ្ចឹមមាន់ស្រែ ៥៤៥គ្រួសារ ការដាំបន្លែក្នុងផ្ទះសំណាញ់ ១៣១គ្រួសារ និងការដាំដំណាំផ្សិត ១០៤គ្រួសារ សរុប ៧៨០គ្រួសារ។
ទន្ទឹមនឹងនោះ ដើម្បីធានានិរន្តរភាព នៃផលប្រយោជន៍បន្ទាប់ពីគម្រោងបញ្ចប់ កសិករទាំង៧៨០គ្រួសារ នឹងត្រូវបានរៀបចំចូលក្នុងរចនាសម្ព័ន្ធ សហគមន៍កសិកម្មទំនើប ដោយជ្រើសរើសបេក្ខភាពពីកសិករបង្គោលទាំង៤០រូប ដើម្បីត្រៀមរៀបចំ សមាជបង្កើតសហគមន៍កសិកម្មទំនើប នៅស្រុកឯកភ្នំ៕