នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោង CaWSIP-MAFF អមដំណើរដោយ ឯកឧត្តម ឃឹម ហ្វីណង់ និងឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ លោកប្រធានគម្រោង មន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ទីប្រឹក្សាគម្រោង និងតំណាងសហភាពសហព័ន្ធសមាគមកសិកម្ម បានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវាយតម្លៃ និងកំណត់ទីតាំងសក្តានុពលពិនិត្យស្ថានភាព និងលទ្ធភាពការចងក្រងសហគមន៍កសិកម្មទំនើប រួមនឹងការផ្តល់ផ្ទះសំណាញ់ ក្រោមការគាំទ្ររបស់គម្រោង CaWSIP។
ដំណើរចុះត្រួតពិនិត្យនេះ មានគោលបំណង កំណត់សក្តានុពលផលិតកម្ម លទ្ធភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងពិភាក្សាជាមួយសហគមន៍កសិកម្ម ដើម្បីស្វែងយល់ពីតម្រូវការ និងការត្រៀមលក្ខណៈក្នុងការអភិវឌ្ឍផលិតកម្មកសិកម្មតាមគំរូសហគមន៍កសិកម្មទំនើប ដែលមានស្តង់ដារ និងនិរន្តរភាព។
ក្នុងឱកាសនោះ គណៈប្រតិភូបានជួបពិភាក្សាជាមួយតំណាងសហគមន៍កសិកម្ម និងចុះពិនិត្យទីតាំងជាក់ស្តែងចំនួន៥ រួមមាន៖ (១) សហគមន៍សំព្រោចមានជ័យ (២) សហគមន៍ចំណារលើរីកចម្រើន (៣) សហគមន៍សណ្តាន់សាមគ្គីមានជ័យ នៅស្រុកស្ទោង (៤) ស្ថានីយ៍ព្រៃប្រស់ និង (៥) ទីតាំងដីនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
គណៈប្រតិភូនឹងបន្តចុះពិនិត្យទីតាំងសក្តានុពលនៅស្រុកឆែប និងស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីប្រមូលព័ត៌មាន និងធាតុចូលសម្រាប់រៀបចំផែនការសាងសង់ផ្ទះសំណាញ់ និងចងក្រងសហគមន៍កសិកម្មទំនើប។ ដំណើរចុះត្រួតពិនិត្យនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍផលិតកម្មកសិកម្មតាមបច្ចេកវិទ្យាទំនើប និងតាមខ្សែច្រវាក់តម្លៃ សំដៅលើកកម្ពស់ផលិតភាព គុណភាព និងសមត្ថភាពប្រកួតប្រជែងផលិតផលកសិកម្ម ការបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ប្រកបដោយនិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕