សន្និសីទអភិរក្សថនិកសត្វទឹកសាប នៅអាស៊ី ឆ្នាំ២០២៦ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផលដ៏សំខាន់ គឺការឯកភាពជាគោលការណ៍របស់អ្នកចូលរួមទាំងអស់ លើការបង្កើតបណ្តាញសហប្រតិបត្តិការថ្នាក់តំបន់អាស៊ី សម្រាប់ការអភិរក្សថនិកសត្វទឹកសាប និងទឹកប្រៃ ដោយរួមបញ្ចូលទាំងជ្រូកទឹកផងដែរ។
លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា បានគូសបញ្ជាក់ថា ការឯកភាពជាគោលការណ៍លើការបង្កើតបណ្តាញថ្នាក់តំបន់នេះ គឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិរក្សថនិកសត្វទឹកសាប និងទឹកប្រៃនៅអាស៊ី រវាងបណ្តាប្រទេស ស្ថាប័នស្រាវជ្រាវ និងអង្គការអភិរក្ស ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន ការស្រាវជ្រាវរួមគ្នា ការកសាងសមត្ថភាព និងការអភិរក្សប្រភេទសត្វទាំងនេះប្រកបដោយប្រសិទ្ធភាព និងចីរភាព។
សម្រាប់កម្ពុជា ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារធនធានជលផល និងជីវចម្រុះ ជាពិសេសសត្វផ្សោតទន្លេមេគង្គ ព្រមទាំងការចូលរួមយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការអភិរក្សនៅកម្រិតតំបន់ និងអន្តរជាតិ៕