នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើសកសិករតំណាងតាមភូមិ (កសិករបង្គោល) ក្នុងក្របខណ្ឌគម្រោង «លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)» នៅស្រុកត្រាំកក់ ខេត្តតាកែវ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារគម្រោង EMPOWER ថ្នាក់ខេត្ត តំណាងរដ្ឋបាលស្រុក ឃុំ ភូមិ មន្ត្រីកសិកម្មឃុំ ព្រមទាំងមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការអនុវត្ត និងបន្តអនុវត្តគម្រោង EMPOWER ព្រមទាំងពង្រឹងកិច្ចសហការ រវាងក្រុមការងារគម្រោងជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សំដៅជ្រើសរើសកសិករតំណាងតាមភូមិ (កសិករបង្គោល) ឱ្យបានសមស្រប និងមានប្រសិទ្ធភាព។ តាមផែនការរបស់គម្រោង កសិករបង្គោលត្រូវជ្រើសរើស ដោយមានការសម្របសម្រួលតាមរយៈមេភូមិ ដើម្បីចូលរួមគ្រប់គ្រង និងគាំទ្រគ្រួសារដែលទទួលផល។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម តូច ប៊ុនហួរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់កសិករបង្គោល ក្នុងការជួយសម្របសម្រួលការអនុវត្តសកម្មភាពគម្រោងនៅមូលដ្ឋាន។ ជាពិសេស កសិករបង្គោលត្រូវមានតួនាទី រួមមាន៖ ១.សម្របសម្រួលការដំឡើងផ្ទះសំណាញ់ ២.សហការជាមួយក្រុមហ៊ុននៅតាមទីតាំងគ្រួសារទទួលផល ៣.ចូលរួមបណ្តុះបណ្តាល ដើម្បីពង្រឹងចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ៤. ចែករំលែកចំណេះដឹង និងបច្ចេកទេសដល់គ្រួសារដែលជាសមាជិកក្រុម ៥.តាមដាន និងផ្តល់ការប្រឹក្សាបច្ចេកទេសដល់សមាជិកក្រុម និង៦. ចូលរួមរៀបចំ ចងក្រង និងបង្កើតសហគមន៍កសិកម្មទំនើប៕