នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផល និងជូនដំណឹងដល់ប្រជាកសិករដែលទទួលបានការគាំទ្រពីគម្រោង នៅសាលាស្រុកវ៉ារិន។
កម្មវិធីក៏មានការចូលរួមពី លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានក្រុមប្រឹក្សាស្រុកវ៉ារិន លោក និនធី វិធូ អភិបាលស្រុកវ៉ារិន ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករ សរុបប្រមាណ៤០០នាក់។
នាជំនួបជាមួយប្រជាកសិករ ឯកឧត្តម ឃុន សាវឿន បានគូសបញ្ជាក់ថា គម្រោង EMPOWER គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលដៅជួយគាំទ្រដល់គ្រួសារកសិករក្រីក្រ ឱ្យមានមុខរបរកសិកម្មសមស្របទៅនឹងសក្តានុពលក្នុងមូលដ្ឋាន ពង្រឹងសមត្ថភាពផលិតកម្ម បង្កើនប្រាក់ចំណូល និងធានាបាននូវសន្តិសុខស្បៀងសម្រាប់គ្រួសារ។
សម្រាប់ប្រជាកសិករដែលទទួលបានការគាំទ្រ គម្រោងបានផ្តល់ជម្រើសមុខរបរកសិកម្មជាច្រើនមានដូចជា៖ ការដាំបន្លែក្នុងផ្ទះសំណាញ់ ការដាំផ្សិត ការចិញ្ចឹមមាន់ស្រែ ការចិញ្ចឹមចង្រិត និងការចិញ្ចឹមឃ្មុំ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្រសួងកសិកម្ម នឹងផ្តល់ការគាំទ្រដល់អ្នកទទួលផល តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ការតភ្ជាប់ទីផ្សារជូននៅពេលប្រមូលផល តាមរយៈការចងក្រងក្រុមអ្នកទទួលផលទាំងអស់ទៅជាសហគមន៍កសិកម្មទំនើប ព្រមទាំងទទួលបានការឧបត្ថម្ភសម្ភារៈផលិតកម្មកសិកម្ម ក្នុងនោះរួមមាន៖ កូនមាន់ ពូជ និងចំណី ពូជបន្លែ មេផ្សិត ជីផងដែរ។
ជាមួយគ្នានោះដែរ តំណាងប្រជាកសិករ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ដែលបានយកចិត្តទុកដាក់ និងបន្តដាក់ចេញនូវកម្មវិធី និងគម្រោងនានា ដើម្បីជួយដល់គ្រួសារកសិករក្រីក្រ។ ពួកគាត់បានបង្ហាញពីការប្តេជ្ញាចិត្តប្រើប្រាស់ជំនួយ និងចំណេះដឹងដែលទទួលបាន ដើម្បីអភិវឌ្ឍមុខរបរកសិកម្ម បង្កើនផលិតភាព និងប្រាក់ចំណូលសម្រាប់គ្រួសារ ព្រមទាំងធានាបាននូវស្បៀងអាហារសម្រាប់ការរស់នៅប្រចាំថ្ងៃផងដែរ៕