ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃពូជក្លូនកៅស៊ូថ្មី ដែលជាស្នាដៃស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា។ ការងារនេះជាផ្នែកមួយនៃការជំរុញការស្រាវជ្រាវ និងកែលម្អពូជដំណាំនៅក្នុងប្រទេស។
ពូជក្លូនថ្មីនេះ ជាពូជក្លូនកៅស៊ូទី៤ ដែលវិទ្យាស្ថានបានបង្កើតឡើង បន្ទាប់ពីការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រយៈពេល ១៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៦។ កន្លងមកមានពូជកៅស៊ូក្លូនចំនួន៣ ដែលបាន និងកំពុងចូលរួមចំណែកក្នុងការលើកកម្ពស់ទិន្នផល និងគុណភាពផលជ័រកៅស៊ូរបស់កម្ពុជា។
តាមរយៈលទ្ធផលនៃការពិនិត្យ និងវាយតម្លៃ ពូជក្លូនថ្មីនេះមានសក្តានុពលខ្ពស់ ដោយមានការលូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់ និងមានភាពធន់នឹងជំងឺ។ ជាមួយគ្នានេះ ពូជនេះក៏មានលក្ខណៈសមស្របទៅនឹងលក្ខខណ្ឌអេកូឡូស៊ី និងបរិស្ថានរបស់កម្ពុជា ដែលជាកត្តាសំខាន់សម្រាប់ការរក្សាបាននូវផលិតភាពក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
សូមជម្រាបថា ការស្រាវជ្រាវ និងអភិវឌ្ឍពូជក្លូនកៅស៊ូទី៤នេះ គឺជាសមិទ្ធផលមួយដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកស្រាវជ្រាវកម្ពុជា ក្នុងការបង្កើតធនធានពូជដែលសមស្របនឹងស្ថានភាពក្នុងស្រុក។ ប្រសិនបើត្រូវបានយកទៅប្រើប្រាស់ទូលំទូលាយ ពូជដែលមានសក្តានុពលខ្ពស់នេះ អាចចូលរួមបង្កើនផលិតភាព ពង្រឹងគុណភាព និងជួយជំរុញការអភិវឌ្ឍវិស័យកៅស៊ូកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការធានាបាននូវភាពប្រកួតប្រជែង និងចីរភាពនៃវិស័យកៅស៊ូជាតិ៕