នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណៈអធិបតីសម្ពោធស្តង់ពន្លាជាតិ និងស្តង់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលសម្របសម្រួលរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក Salon International de l'Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ការចូលរួមនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការសហការគាំទ្រការនាំចេញកសិផលសក្កានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលសម្របសម្រួលដោយក្រសួងស្ថាប័នពាក់ព័ន្ធ និងនាំចេញដោយវិស័យឯកជន ដើម្បីផ្សព្វផ្សាយផលិតផលកម្ពុជា និងបង្កើតឱកាសសម្រាប់ក្រុមហ៊ុននាំចេញក្នុងការស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ ពង្រឹងទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ និងស្វែងយល់ពីតម្រូវការទីផ្សារនៅតំបន់អឺរ៉ុប និងទីផ្សារផ្សេងៗទៀត ដែលមានភាពសម្បូរបែប និងបង្កើនការទទួលស្គាល់ម៉ាកយីហោកម្ពុជាលើឆាកអន្តរជាតិ សំដៅពង្រីកកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងអនាគត៕