នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងជំនួបសំណេះសំណាលនោះ លោក កង ស៊ីឡុង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ បានលេីកឡេីងពីវឌ្ឍនភាពនៃសហគមន៍ដែលមានសមាជិកសរុប ៩២គ្រួសារ និងមានផ្ទៃដីផលិតកម្មមៀនប៉ៃលិន សរុបចំនួន៦០៣ហិកតា និងការទទួលទិញធាតុចូលកសិកម្មប្រចាំឆ្នាំនីមួយៗ ហេីយបច្ចុប្បន្ននេះសហគមន៍បានព្រមព្រៀងលក់ជូនក្រុមហ៊ុនចំនួន ៤រួមមាន: ក្រុមហ៊ុន ឆាយណាជីវ័រយាន, ក្រុមហ៊ុន ពេជ្រចិន្តាហ្រ្វូត, ក្រុមហ៊ុន ប៊ុនធឿន និងក្រុមហ៊ុន វិផា ចន្ទស៊ី។
ក្រោយពីបានទទួលស្តាប់នូវរបាយការណ៍ចប់សព្វគ្រប់ ឯកឧត្តម គី ច័ន្ទរំដួល បានទទួលនូវសំណេីរបស់សហគមន៍ ក្នុងការស្នេីជួយអន្តរាគមន៍ រកគម្រោងអភិវឌ្ឍន៍ផ្សេងៗ ឬធនាគារវិនិយោគដែលផ្តល់ហិរញ្ញប្បទានដែលមានការប្រាក់ទាប រយៈពេលវែង សម្រាប់សហគមន៍កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ព្រមទាំងការបុកអណ្តូង និងបំពាក់សូឡាផងដែរ។
ជាចុងក្រោយ ឯកឧត្តម គី ច័ន្ទរំដួល បានផ្តល់អនុសាសន៍ណែនាំឱ្យសហគមន៍មានសាមគ្គីភាព តម្លាភាព ស្មោះត្រង់ និងសូមឱ្យសមាជិកមានការជឿជាក់លើថ្នាក់ដឹកនាំសហគមន៍។ ឯកឧត្តម នឹងស្វែងរកការគាំទ្រតាមរយៈដៃគូរអភិវឌ្ឍន៍នានា សំដៅគាំទ្រលើតម្រូវការចាំបាច់សហគមន៍ ក៏ដូចជាប្រភពទឹក និងប្រព័ន្ធសូឡាជាដេីម៕