នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសេវាសាធារណៈ ដើម្បីដាក់បញ្ចូលក្នុងប្រព័ន្ធសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច (ESB)។
កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានជលផល និងអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ ព្រមទាំងមានការចូលរួមផងដែរពីក្រុមការងារអភិវឌ្ឍប្រព័ន្ធនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។
សូមជម្រាបផងដែរថា មកពេលនេះ ក្រសួងបានរៀបចំដាក់បញ្ចូលសេវាស្នើសុំ ចុះបញ្ជិកា វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតជី-ថ្នាំកសិកម្ម និងការបង្កើតកសិកដ្ឋានបង្កាត់ពូជ និងចិញ្ចឹមខ្នាតមធ្យម និងធំ របស់អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត និងអគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពក្នុងប្រព័ន្ធសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ចបានចំនួន ៩សេវារួចមកហើយ។ ក្នុងខណៈនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងរៀបចំដាក់បញ្ចូលសេវាចំនួន៧ របស់អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ និងអគ្គនាយកដ្ឋានជលផល ចូលក្នុងប្រព័ន្ធសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ចថែមទៀត៕