នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ចុះជួយសម្របសម្រួលការប្រមូលទិញស្រូវនៅខេត្តបន្ទាយមានជ័យ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានដឹកនាំមន្ត្រីជំនាញ និងលោកប្រធានមន្ទីរកសិកម្ម ព្រមទាំងមន្រ្តីកសិកម្មឃុំ ចុះជួយសម្របសម្រួលការប្រមូលទិញស្រូវរបស់ប្រជាកសិករនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមរយៈការចុះពិនិត្យស្ថានភាពប្រមូផលស្រូវជាក់ស្តែងនៅទីវាល និងជួបពិភាក្សាជាមួយប្រជាកសិករ ឯកឧត្តមប្រតិភូ និងក្រុមការងារ បានទាក់ទងបន្ទាន់ទៅម្ចាស់រោងម៉ាស៊ីនដើម្បីស្វែងយល់ពីតម្លៃស្រូវដែលរោងម៉ាស៊ីនទិញចូល និងមធ្យមបាយដឹកជញ្ជូនពីទីតាំងប្រមូលទិញទៅកាន់រោងម៉ាស៊ីន។ ជាលទ្ធផល ម្ចាស់រោងម៉ាស៊ីន បានយល់ព្រមតាមស្នើសុំពីក្រុមការងារដោយសន្យានឹងទទួលទិញក្នុងតម្លៃសមរម្យចំពោះប្រភេទស្រូវស្រងែមានគុណភាពល្អលេខ១ ដែលធ្វើឱ្យប្រជាកសិករមានការសប្បារីករាយជាខ្លាំងនិងបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែយកចិត្តទុកដាក់និងចុះជាប់ជាមួយប្រជាកសិករ។
ជាការឆ្លើយតបនឹងភាពសប្បាយរីករាយរបស់ប្រជាកសិករ ឯកឧត្តមប្រតិភូ បានស្នើអុំពូមីងប្រជាកសិករទាំងអស់ ត្រូវមានអត់ធ្មត់និងចូលរួមស្វែងរកដំណោះស្រាយរួមគ្នា ជាពិសេស ត្រូវពង្រឹងបច្ចេកទេសផលិតស្រូវបន្ថែមសំដៅផលិតស្រូវដែលគុណភាពល្អ បង្កើនអំណាចចរចាជាមួយឈ្មួញនិងម្ចាស់រោងម៉ាស៊ីន តាមរយៈការប្រើប្រាស់ពូជស្រូវសុទ ការប្រមូលផលស្រូវមានអាយុកាលពេញលេញ និងញែកឱ្យដាច់ក្នុងពេលប្រមូលផលរវាងស្រូវមានគុណភាពល្អជាមួយនឹងស្រូវធ្លាក់គុណភាព ជៀសវាងការរួមបញ្ចូលគ្នាដែលធ្វើឱ្យឈ្មួញឬម្ចាស់រោងម៉ាស៊ីនវាយតម្លៃជាស្រូវធ្លាក់គុណភាព។