នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក សុក វណ្ណា អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម រួមទាំងមន្រ្តីជំនាញចំនួន៤រូប បានសហការជាមួយមន្រ្តីនៃរដ្ឋបាលព្រៃឈើ បានចុះអង្កេតតាមដាននិងប្រមូលសំណាកសមាសភាពចង្រៃលើព្រៃឈើដាំ ប្រភេទឈើអាកាស្យា និងប្រេងខ្យល់ នៅក្នុងខេត្តកំពង់ឆ្នាំង។ ការចុះអង្កេតតាមដាននេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាអំពីប្រភេទសមាសភាពចង្រៃដែលរាតត្បាត និងបំផ្លាញព្រៃឈើដាំ ជាពិសេសឈើអាកាស្យា និងប្រេងខ្យល់ ដែលជាប្រភេទឈើត្រូវបានដាំដុះសម្រាប់ការនាំចេញ។
លទ្ធផលនៃការអង្កេតតាមដានសមាសភាពចង្រៃលើព្រៃឈើដាំនេះ នឹងត្រូវរៀបចំជាបញ្ជីសមាសភាពចង្រៃដែលនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការចរចាបើកទីផ្សារនាំចេញឈើដាំរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅពេលខាងមុខ។