ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលាបូកសរុបលទ្ធផលនៃការប្រើប្រាស់ធ្យូងជីវៈ និងទឹកធ្យូងជីវៈ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដោយមានកិច្ចសហការជាមួយអង្គការ GIZ និងការចូលរួមពីមន្ទីរកសិកម្មរាជធានី-ខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងមន្ត្រីកសិកម្មឃុំ-សង្កាត់។ សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងគោលបំណងបូកសរុបបទពិសោធន៍ និងវាយតម្លៃលទ្ធផលនៃការអនុវត្តបច្ចេកទេសកសិកម្មថ្មីនេះ។
ជាលទ្ធផល កសិករប្រមាណ ៥ ០០០នាក់ នៅទូទាំងប្រទេស បានសហការជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ជាង ១ ០០០នាក់ ក្នុងការពិសោធន៍ និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ធ្យូងជីវៈ និងទឹកធ្យូងជីវៈក្នុងផលិតកម្មកសិកម្ម។ ការចូលរួមនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចសហការរវាងមន្ត្រីកសិកម្ម ឃុំ-សង្កាត់ និងកសិករ ក្នុងការស្វែងរកបច្ចេកទេសសមស្រប ដើម្បីកែលម្អផលិតកម្ម និងបង្កើនប្រសិទ្ធភាពនៃការដាំដុះ។
ជារួម លទ្ធផលនៃសិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការផ្សព្វផ្សាយ និងពង្រីកការប្រើប្រាស់ធ្យូងជីវៈ និងទឹកធ្យូងជីវៈឱ្យបានទូលំទូលាយនៅទូទាំងប្រទេស រួមចំណែកកាត់បន្ថយការប្រើប្រាស់ធាតុចូលគីមី លើកកម្ពស់ការប្រើប្រាស់ធនធានធម្មជាតិ និងបង្កើនផលិតភាពកសិកម្ម ស្របតាមទិសដៅ បន្ថយគីមី បង្កើនធម្មជាតិ និងបង្កើនផល៕