នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល (DDT) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសំបួរ ស្រុកមង្គលបូរី បានដឹកនាំក្រុមការងារថ្នាក់ជាតិ រួមជាមួយមន្ត្រីរាជការនៃនាយកដ្ឋាន រដ្ឋបាលឃុំសំបួរ និងមេភូមិ សមាជិកភូមិ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តាមរយៈឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមង្គលបូរី ដើម្បីចែកជូន ពុកម៉ែ ពូមីង បងប្អូន ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅភូមិដូនឡឹក និងភូមិស្រែព្រៃ ក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ក្រុមការងារបានផ្តល់ស្បៀងសង្គ្រោះបឋមជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ទឹកដោះគោនិងទឹកបរិសុទ្ធ ២យួរ។ ការចុះជួយនេះ គឺជាការយកចិត្តទុកដាក់ និងចូលរួមសម្រាលការលំបាកខ្លះៗ ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ខណៈការចែកជូននឹងត្រូវបន្តអនុវត្តតាមភូមិផ្សេងៗជាបន្តបន្ទាប់ទៀត ដើម្បីឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទទួលបានការជួយឧបត្ថម្ភសមស្របតាមស្ថានភាពជាក់ស្តែង។
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក យៅ វេន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងបានលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់ការពារ និងថែទាំសុខភាព ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាព ក្នុងអំឡុងពេលមានជំនន់ទឹកភ្លៀង។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវរបស់ក្រុមការងារចុះមូលដ្ឋានក្នុងឃុំសំបួរ ក្នុងការចូលរួមដោះស្រាយការលំបាក និងសម្រាលបន្ទុកជូនដល់ពុកម៉ែ ពូមីង បងប្អូនក្នុងមូលដ្ឋាន៕