នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយអាជ្ញាធរ និងតួអង្គពាក់ព័ន្ធ ស្តីពីការអនុវត្តសកម្មភាពបន្តរបស់គម្រោង EMPOWER និងការរៀបចំផែនការប្រជុំផ្សព្វផ្សាយនៅតាមភូមិ ដើម្បីជូនព័ត៌មានដល់កសិករគោលដៅ និងការត្រៀមទទួលសម្ភារគាំទ្រពីគម្រោង ការចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតកម្ម និងការត្រៀមចូលជាសមាជិកសហគមន៍កសិកម្មទំនើប។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ខាត់ សុធី បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងតួអង្គពាក់ព័ន្ធ ដើម្បីធានាការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ ច្បាស់លាស់ និងទាន់ពេលវេលាដល់កសិករគោលដៅ ព្រមទាំងជំរុញឱ្យកសិករត្រៀមលក្ខណៈទទួលការគាំទ្រ និងការបណ្តុះបណ្តាលតាមមុខផលិតកម្មដែលបានជ្រើសរើស។ សកម្មភាពនេះមានគោលបំណងពង្រឹងសមត្ថភាពផលិតកម្ម លើកកម្ពស់ជីវភាព និងធានានិរន្តរភាពនៃការប្រកបរបរកសិកម្ម តាមរយៈការចូលរួមក្នុងសហគមន៍កសិកម្មទំនើប។
នៅចុងបញ្ចប់ ឯកឧត្តម ខាត់ សុធី បានណែនាំដល់អាជ្ញាធរឃុំទាំង២ មេភូមិទាំង១៨ភូមិ មន្ត្រីកសិកម្មឃុំ និងកសិករបង្គោល ឱ្យពង្រឹងកិច្ចសហការផ្សព្វផ្សាយព័ត៌មានដល់កសិករគោលដៅចំនួន ៧៨០គ្រួសារ ដើម្បីត្រៀមទទួលសម្ភារគាំទ្រ ទទួលការបណ្តុះបណ្តាលបច្ចេកទេសតាមមុខផលិតកម្ម និងចូលជាសមាជិកសហគមន៍កសិកម្មទំនើប សំដៅពង្រឹងផលិតកម្ម និងធានានិរន្តរភាព។ ឯកឧត្តមបានបញ្ជាក់ថា ការគាំទ្រតាមរយៈគម្រោង EMPOWER គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ជីវភាពកសិករ ជាពិសេសកសិករក្រីក្រ ក្រីក្រកម្រិត១ ក្រីក្រកម្រិត២ និងកសិករងាយរងហានិភ័យ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ៕