នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង សរុបចំនួន ២ ៩៧៦គ្រួសារ ក្នុងស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកជីក្រែង ខេត្តសៀមរាប។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក.) និងឯកឧត្តម អ៊ុក ឃ្នួច អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប លោកប្រធានមន្ទីរកសិកម្ម មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
ការចែកជំនួយរួមមាន៖ ស្រូវពូជចំនួន ៧៥ ៦០០គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៧៥៦គ្រួសារ និងស្បៀងជូនប្រជាពលរដ្ឋចំនួន ២ ២២០គ្រួសារ។ ជំនន់ទឹកភ្លៀងនាពេលកន្លងមកបានបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនេះ។ ដូច្នេះ ការផ្តល់ពូជស្រូវជំនួស គឺជាការគាំទ្រដ៏សំខាន់ក្នុងការជួយកសិករស្តារការដាំដុះឡើងវិញ។
សូមបញ្ជាក់ថា សកម្មភាពអន្តរាគមន៍នេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការគាំទ្រប្រជាពលរដ្ឋក្នុងគ្រាលំបាក តាមរយៈការផ្តល់ជំនួយជាក់ស្តែង សំដៅកាត់បន្ថយផលប៉ះពាល់ ស្តារជីវភាពគ្រួសារ លើកកម្ពស់សមត្ថភាពផលិតកម្មកសិកម្ម និងរួមចំណែកធានាសន្តិសុខស្បៀងនៅថ្នាក់មូលដ្ឋាន៕