ក្រុមការងារបំពាក់ឧបករណ៍គ្រប់គ្រងនាវានេសាទ (VMS) ដែលដឹកនាំដោយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមដោយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយជំនួយបច្ចេកទេសពីអង្គការ FAO និងក្រុមហ៊ុន ECOINSOFT ក្រោមការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង CAPFISH-CAPTURE បានបន្តការបំពាក់ឧបករណ៍ VMS លើនាវានេសាទដែលប្រើឧបករណ៍នេសាទសកម្មខ្នាតមធ្យម និងខ្នាតធំ។ ការបំពាក់នេះធ្វើឡើងដើម្បីអនុលោមតាមស្តង់ដាអន្តរជាតិ ក្នុងការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព ធានានូវនិរន្តរភាពធនធានធម្មជាតិ និងជីវភាព ព្រមទាំងសុវត្ថិភាពរបស់ប្រជានេសាទនៅលើផ្ទៃសមុទ្រ។
ជាលទ្ធផល នាវានេសាទដែលប្រើឧបករណ៍នេសាទសកម្មខ្នាតមធ្យម និងខ្នាតធំ ប្រមាណជា ៨៥% ត្រូវបានបំពាក់រួចរាល់ ដោយមិនគិតថ្លៃ ជាមួយនឹងការចូលរួមដោយស្ម័គ្រចិត្តពីម្ចាស់នាវានេសាទ។ រហូតមកដល់ថ្ងៃនេះ ក្រុមការងារនៅតែបន្តលើកទឹកចិត្តដល់ម្ចាស់នាវានេសាទដែលមិនទាន់បានបំពាក់ VMS ដោយសារកំពុងធ្វើនេសាទនៅតំបន់ឆ្ងាយៗ ឱ្យមកចូលរួមទទួលការបំពាក់ឱ្យទាន់ពេលវេលា និងបន្តពន្យល់ពីសារៈសំខាន់នៃ VMS ដល់ម្ចាស់នាវាដែលនៅមានភាពស្ទាក់ស្ទើរ ឬបដិសេធចំពោះការបំពាក់ឧបករណ៍នេះ។