នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប នៅខេត្តសៀមរាប។
ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងក្តីសោមនស្សរីករាយចំពោះវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ដមន្ត្រី ក្នុងគោលបំណងពង្រឹងសមត្ថភាពជូនដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយខណ្ឌ ផ្នែក និងសង្កាត់ព្រៃឈើខាងជើងបឹងទន្លេសាប រួមមាន៖ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលសុទ្ធសឹងជាមន្ត្រីរាជការទទួលនីតិសម្បទាជានគរបាលយុត្តិធម៌, ហើយកិច្ចការងារនេះ ក្រសួងបានរៀបចំមួយវគ្គរួចហើយជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើមេគង្គ ព្រមទាំងគ្រោងនឹងបើកពីរវគ្គបន្ថែមទៀត សម្រាប់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងត្បូងបឹងទន្លេសាប និងឈូងសមុទ្រ នៅពេលដ៏ខ្លីខាងមុខ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ និងនាយកដ្ឋាននីតិកម្ម ព្រមទាំងគ្រូឧទ្ទេស ដែលបានសហការគាំទ្រ និងរៀបចំដើម្បីសិក្ខាកាមទាំងអស់នឹងបានឈ្វេងយល់ស៊ីជម្រៅបន្ថែមលើប្រធានបទបីសំខាន់ៗពាក់ព័ន្ធ៖ (១)នីតិវិធីចងក្រងសំណុំរឿងបទល្មើសព្រៃឈើឱ្យស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ (២)នីតិវិធីពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពីព្រៃឈើនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន និង(៣)បទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងបរិបទសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានជំនឿយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលជាសិក្ខាកាមនឹងទទួលបាននូវចំណេះដឹងនិងជំនាញលើការអនុវត្តនីតិវិធីសមស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានក្នុងអនុវិស័យព្រៃឈើ ការកសាងសំណុំរឿងបទល្មើសព្រៃឈើឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ជាពិសេសការយល់ដឹងបន្ថែមអំពីបទល្មើសព្រៃឈើក្នុងបរិបទនៃបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងជូនពរដល់វគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យ និងដំណើរការដោយរលូន៕