នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូប ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិករ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប។
ពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខាសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីជាច្រើនរូប។
ក្នុងឱកាសនេះ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១៧៥.៣៦៤ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមកពីស្រុកចំនួន៨ រួមមាន ស្រុកពួក ក្រឡាញ់ ស្រីស្នំ សូទ្រនិគម ជីក្រែង អង្គរជុំ អង្គរធំ និងប្រាសាទបាគង។ ការផ្តល់បណ្ណកម្មសិទ្ធិនេះ គឺជាការរួមចំណែកពង្រឹងសុវត្ថិភាពនៃការកាន់កាប់អចលនទ្រព្យ និងផ្តល់ភាពច្បាស់លាស់ផ្នែកច្បាប់ជូនប្រជាពលរដ្ឋ៕