ក្នុងឱកាសនៃ«កិច្ចប្រជុំថ្នាក់តំបន់ស្តីពីការអភិរក្សថនិកសត្វទឹកសាបនៅតំបន់អាស៊ី» លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានជីវសាស្ត្រទឹក (IHB) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដោយមានការចូលរួមពីសាស្ត្រាចារ្យ Wang Ding ប្រធានមូលនិធិអភិរក្សផ្សោតបៃជីទីក្រុងវូហាន និងសាស្ត្រាចារ្យ Xie Shouqi អនុប្រធានវិទ្យាស្ថានជីវសាស្ត្រទឹក នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ព្រមទាំងតំណាងស្ថាប័នជលផលចិន។
កិច្ចប្រជុំនេះផ្តោតលើសំណើរបស់ភាគីចិន ដើម្បីរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នាស្តីពី «ការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីជលផល» (Collaborative Conservation of the Mekong River Dolphin and Aquatic Ecosystem) ក្នុងគោលបំណងកំណត់ក្របខ័ណ្ឌសហប្រតិបត្តិការឱ្យកាន់តែច្បាស់លាស់ និងប្រែក្លាយកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រទៅជាសកម្មភាពអភិរក្សជាក់ស្តែង។
ជាលទ្ធផល ភាគីទាំងពីរបានពិភាក្សាលើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមានការពង្រឹងការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ការកសាងសមត្ថភាពអ្នកជំនាញ និងការកៀរគរធនធានហិរញ្ញវត្ថុពីដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ សេចក្តីព្រាងកិច្ចព្រមព្រៀងក៏បានផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ប្រជានេសាទ តាមរយៈការជំរុញជម្រើសមុខរបរ និងប្រភពចំណូលប្រកបដោយនិរន្តរភាព ដើម្បីធានាថាកិច្ចខិតខំប្រឹងប្រែងអភិរក្សអាចផ្តល់ផលប្រយោជន៍ទាំងដល់ការការពារសត្វផ្សោត និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន៕