នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ថ្នាក់ស្រុកបាកាន ខេត្តពោធិ៍សាត់ អមដំណើរដោយលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារអនុវត្តគម្រោង បានអញ្ជើញចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់ជូនគ្រួសារកសិករដែលទទួលបានការគាំទ្រពីគម្រោង នៅក្នុងឃុំគោលដៅទាំង៣ រួមមាន ឃុំត្រពាំងជង ឃុំស្នាមព្រះ និងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ដំណើរចុះពិនិត្យនេះ រៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់ ពិនិត្យស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងស្វែងយល់ពីបញ្ហាប្រឈមនានា ដើម្បីសម្របសម្រួលដោះស្រាយ និងជំរុញការអនុវត្តសកម្មភាពគម្រោងឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោកជំទាវក៏បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារអនុវត្តគម្រោង ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាអំពីបញ្ហាប្រឈមក្នុងដំណើរការអនុវត្ត និងស្វែងរកដំណោះស្រាយសមស្រប ជាពិសេសពាក់ព័ន្ធនឹងការផ្គត់ផ្គង់សម្ភារៈ ការសាងសង់ផ្ទះសំណាញ់ និងទ្រុងមាន់ ព្រមទាំងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ លោកជំទាវបានណែនាំដល់ក្រុមការងារឱ្យបន្តពង្រឹងកិច្ចសហការ និងការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដើម្បីពន្លឿនដំណើរការសាងសង់ផ្ទះសំណាញ់ និងទ្រុងមាន់ជូនកសិករគោលដៅ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ក្នុងការតាមដាន និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅតាមផែនការដែលបានកំណត់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕