នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វុន អនុប្រធានមន្ទីរកសិកម្មខេត្ត និងសហការី អាជ្ញាធរភូមិ ឃុំ និងមន្រ្តីកសិកម្មឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រមូលផល និងការប្រមូលទិញស្រូវ និងពោតរបស់ប្រជាកសិករ ព្រមទាំងជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ នៅឃុំស្រះរាំង ស្រុកមង្គលបូរី និងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាកសិករផលិតស្រូវ ស្តាប់អំពីបញ្ហានានា ដែលពួកគាត់ជួបប្រទះ និងពិភាក្សារកដំណោះស្រាយ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ក្នុងនោះមាន បញ្ហាពូជស្រូវ បច្ចេកទេស និងទីផ្សារ ព្រមទាំងការវិភាគសេដ្ឋកិច្ចលើចំណូលចំណាយ ។ បន្ថែមលើសពីនេះ ឯកឧត្តម បានណែនាំ កសិករចងក្រងបង្កើតជាសហគមន៍ទំនើបស្រូវសែនក្រអូប និងការធ្វើផលិតកម្មតាមកិច្ចសន្យា។
នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បន្តជួបម្ចាស់រោងម៉ាស៊ីន តាមការបញ្ជាក់របស់ម្ចាស់រោងម៉ាស៊ីន ក្នុងពេលជួបសំណេះសំណាល គឺគាត់នៅតែទទួលទិញ ដោយផ្តល់តម្លៃសមរម្យ តាមគុណភាពស្រូវ ប្រភេទស្រង៉ែ។
ជាមួយគ្នានេះ ម្ចាស់រោងម៉ាស៊ីន បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានផ្តល់ថវិកាកម្ចី និងធានាបន្តទិញស្រូវ រហូតអស់ទុន៕