នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានបូកបី លើកទី២៦(26th AMAF Plus Three) ដែលបានប្រព្រឹត្តទៅនៅប្រទេសសឹង្ហបុរី។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការ អនុវត្តក្របខ័ណ្ឌគោលនយោបាយសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ក្នុងចំណោម រដ្ឋសមាជិកអាស៊ាន និងជាមួយប្រទេសបូកបី រួមមាន៖ ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ព្រមទាំងលើកសំណើ អាទិភាពសម្រាប់អនុវត្តបន្ត។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រអាស៊ានបូកបី(APTCS 2026-2035) ដោយផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម និងធាតុចូលកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច និងបានថ្លែងអំណរគុណចំពោះប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសំខាន់ក្រោមយន្តការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់អាស៊ានបូកបី (APTERR) ក្នុងការផ្តល់អង្ករក្រោមកម្មវិធី(Tier 3) ឆ្នាំ២០២៥ ដែលនៅក្នុងឆ្នាំ២០២៦ កម្ពុជាក៏បានទទួលជំនួយជាអង្ករសង្គ្រោះបន្ទាន់ពីប្រទេសចិន និងជប៉ុនផងដែរ។
កិច្ចប្រជុំនេះ បានបិទបញ្ចប់ដោយការចេញសេចក្តីថ្លែងការណ៍ព័ត៌មានរួម(Joint Press Statement) របស់រដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន និងអាស៊ានបូកបី ដែលបានរំលេចអំពីការប្តេជ្ញាចិត្តក្នុងការធានាឲ្យបាននូវនិរន្តរភាព និងសន្តិសុខស្បៀងសម្រាប់ប្រជាជាតិទាំងមូលនាពេលអនាគត៕