នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាកសិករចូលរួមជាមួយកសិកម្មទំនើប ដែលជាយន្តការរបស់រាជរដ្ឋាភិបាលដើម្បីរផ្លាស់ប្តូរទម្រង់ការធ្វើកសិកម្មរបស់កម្ពុជា ពីការធ្វើខ្នាតតូច លក្ខណៈគ្រួសារ ទៅជា «កសិ-ពាណិជ្ជកម្ម» ដែលមានការរៀបចំច្បាស់លាស់ ផលិតបានច្រើន ថ្លៃដើមទាប និងមានទីផ្សារធានាពិតប្រាកដ»។ ឯកឧត្តមថ្លែងបែបនេះ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងកសិកម្មបាននិងកំពុងអនុវត្តគម្រោងគោលដៅចំនួន១០ ដើម្បីតភ្ជាប់ទីផ្សារ និងជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ដោយផ្តោតលើដំណាំយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ស្រូវ-អង្ករ ស្វាយចន្ទី ម្រេច ទុរេន និងបន្លែសុវត្ថិភាព ជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការបរិភោគប្រចាំថ្ងៃក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និងធានាសុខុមាលភាពអ្នកបរិភោគ៕