នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រក្រុមហ៊ុន ខេមបូឌាន ហៃដា អេហ្រ្គីខលឈរ អេន អេនីមល ហាស់ប៊ែនដ្រាយ ថេកណឡជី ឯ.ក នៅខេត្តកំពង់ស្ពឺ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបង្ហាញសេចក្តីសោមនស្សរីករាយ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវនិងមានសារៈសំខាន់របស់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រផលិតចំណីសត្វនិងចំណីត្រីដ៏ទំនើបនេះ នៅលើទឹកដីនៃខេត្តកំពង់ស្ពឺ សំដៅលើកកម្ពស់ការកែច្នៃក្នុងស្រុកដោយប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ ផ្គត់ផ្គង់ជូនកសិករនូវចំណីសត្វដែលមានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ដោយបានកំណត់ការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើការកាត់បន្ថយថ្លៃដើម បង្កើនភាពប្រកួតប្រជែង និងជំរុញការតភ្ជាប់ទីផ្សារជាតិនិងអន្តរជាតិ។ ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងការបន្តធានាសន្តិសុខស្បៀងកម្ពុជា និងបង្កើតការងារជូនប្រជាពលរដ្ឋផងដែរ។
តាងនាមក្រសួងកសិកម្ម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍សំខាន់ៗក្នុងការគ្រប់គ្រងគុណភាពផលិតផលចំណីសត្វ ការពង្រឹងខ្សែច្រវាក់តម្លៃ ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្ស គិតគូរពីកត្តាបរិស្ថាននិងសុខភាពសាធារណៈ និងជូនពរដល់ក្រុមហ៊ុន ទទួលបានជោគជ័យក្នុងការវិនិយោគ និងរីកចម្រើនជាលំដាប់ក្នុងបេសកកម្មចូលរួមអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា៕