ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមព្រះបរមរាជានុញ្ញាតសម្ដែងអភិវន្ទនកិច្ច និងគារវភក្ដីដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្ដែងកតញ្ញូកតវេទិតាធម៌ និងក្ដីនឹករលឹកឥតឧបមា ចំពោះព្រះគុណូបករៈ របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលទ្រង់បានដឹកនាំព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា នាំយកឯករាជ្យពេញលេញមកកាន់ប្រទេសជាតិ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ព្រះរាជកេរ្តិ៍ដ៏មហាប្រពៃនេះ នឹងនៅស្ថិតស្ថេរក្នុងដួងចិត្តប្រជារាស្ត្រខ្មែរគ្រប់ជំនាន់។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមក្រាបថ្វាយព្រះសព្ទសាធុការពរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនា នៃប្រជារាស្ត្រខ្មែរគ្រប់រូប៕