នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងចម្រុះដែលមាន លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង មន្ត្រីផ្នែករដ្ឋបាលជលផលកំពង់លាវ និងផ្នែករដ្ឋបាលស្ទឹងស្លូត និងមន្ត្រី សង្កាត់រដ្ឋបាលជលផលក្រោមឱវាទសរុបចំនួន១៤នាក់ ដោយបានប្រើប្រាស់រថយន្ត២គ្រឿង និងកាណូត២គ្រឿង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល (ពង្រឹងការអនុវត្តន៍ច្បាប់ ការគ្រប់គ្រង និងអភិរក្សធនធានជលផល) នៅក្នុងរដូវបិទនេសាទ នៅភូមិសាស្ត្រឃុំរោងដំរី និងឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជាលទ្ធផលនៃប្រតិបិត្តការបង្រ្កាបនោះ បានចំនួន០២ករណី ករណីទី១. នៅក្នុងដែនសហគមន៍នេសាទរោងដំរៅ ចំណុចកោះទីតាងើយ ភូមិទីតាងើយ ឃុំរោងដំរី ស្រុកបាភ្នំ ករណីទី២. នៅក្នុងដែនសហគមន៍រល្សជ័យ ចំណុចស្ថានីយ៍បូមទឹក ភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ សរុបទាំង២ករណី ឧបករណ៍នេសាទល្មើសច្បាប់ ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន ៖ លូស្បៃមុងចំនួន ៤០មាត់ របាំងព្រួលស្បៃមុងប្រវែង ២ ១១០ ម៉ែត្រ បង្គោលចម្រឹងចំនួន ៦៩៥ដើម និងបានចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន៥០គីឡូក្រាម៕