នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាល និងនាំយកអំណោយជាស្បៀងជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដែលជានិច្ចជាកាលលោកតែងតែគិតគូរ និងយកចិត្តទុកដាក់ជាខ្លាំង ពិសេសលើការឧបត្ថម្ភគាំទ្រ និងផ្គត់ផ្គង់ស្បៀងជូនដល់កងទ័ពយើងដែលកំពុងឈរជើងនៅសមរភូមិជួរមុខ។
ឯកឧត្តមបន្ថែមថា មិនត្រឹមតែអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗនេះទេ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បាននិងកំពុងសកម្មក្នុងការផលិត និងផ្គត់ផ្គង់ជាប្រចាំនូវស្បៀងជាបន្លែ ត្រី សាច់ និងស៊ុត ជូនដល់កងទ័ពជួរមុខតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថាសកម្មភាពនេះសរបញ្ជាក់ពីការចូលរួមគាំទ្រយ៉ាងពេញទំហឹង និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួងកសិកម្មចំពោះរាជរដ្ឋាភិបាលក្នុងពេលដែលប្រទេសជាតិកំពុងជួបបញ្ហា៕