នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរបស់រដ្ឋាភិបាលប្រទេសហុងគ្រី ចិន ជប៉ុន និងអៀរឡង់ ដើម្បីសុំបទពិសោធន៍ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួង មុនចេញទៅបន្តការសិក្សាក្រៅប្រទេស នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស ដែលជាសាកលវិទ្យាល័យល្បីៗ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យនិស្សិតជ័យលាភីទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ចាប់យកជំនាញច្បាស់លាស់ និងផ្តោតការយកចិត្តទុកដាក់លើការសិក្សារៀនសូត្រលេីបច្ចេកទេសផ្ទាល់ផង និងភាសាបរទេសផង។
បេីតាម ឯកឧត្តមរដ្ឋលេខាធិការ សុខភាពផ្ទាល់ខ្លួនគឺជាកត្តាចម្បងក្នុងការសិក្សាឱ្យទទួលបានភាពជោគជ័យ ជាពិសេសត្រូវស្វែងយល់ពីវប្បធម៌ប្រពៃណីនានា និងចូលរួមផ្សព្វផ្សាយនូវវប្បធម៌ដ៏ផូរផង់របស់ប្រទេសកម្ពុជាផងដែរ ដើម្បីបង្កើនការយល់ដឹង និងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត និងក្លាយជាធនធានមនុស្សដេីម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត៕