នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត ព្រំ សុមានី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកមកពីខេត្តឧត្តរមានជ័យ មកទីតាំងសុវត្ថិភាព តាមបណ្តាលភូមិទាំង៧ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ លោកបណ្ឌិត បាននាំយកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់សំខាន់ៗមួយចំនួន ចែកជូនប្រជាពលរដ្ឋដែលបានភៀសសឹក ចំនួន៦១គ្រួសារ ដែលមកពីស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត បានផ្តាំផ្ញើទៅបងប្អូនជនភៀសសឹក ត្រូវថែរក្សាសុខភាព និងអនាម័យដើម្បីការពារកុំឱ្យមានជំងឺផ្សេងៗ ព្រមទាំងបានពិភាក្សានិងណែនាំបន្ថែមដល់ក្រុមការងារឃុំ អំពីស្ថានការណ៍បច្ចុប្បន្ន និងដាក់វិធានការបន្ត ដើម្បីត្រៀមសម្រាប់ប្រជាពលរដ្ឋចំណាកស្រុកដែលបាន និងគ្រោងត្រលប់មកស្រុកកំណើតវិញ៕